បទចម្រៀងមិនអស់អាល័យច្រៀងឡើងវិញជាភាសាអង់គ្លេស(Once Wish Again) កំពុងទទួលបានការគាំទ្រ និងពេញចិត្តជាខ្លាំងពីសំណាក់លេងបណ្តាញសង្គម ជាពិសេសលើបណ្តាញសង្គម Tik Tok ពីព្រោះតែទំនុកចម្រៀង និងបទភ្លេងមានលក្ខណៈជាបែបបទសម័យ និងទាក់ទាញ។ គូសបញ្ជាក់ដែរថា បទមិនអស់អាល័យជា version ភាសាអង់គ្លេស ជាការបង្កើតឡើងដោយ AI សុទ្ធសាធ។

មិនអស់អាល័យ Full English AI Cover [Once Wish Again] [https://youtu.be/3vayrqfMGFA?si=cOAPrcsqvZy82zri]

មិនអស់អាល័យ ច្រៀងដោយលោក ស៊ីន ស៊ីសាមុត ទំនុកច្រៀងលោក ស៊ីន ស៊ីសាមុត ជាបទស្នេហាដែលបង្ហាញអារម្មណ៍នៃមនុស្សម្នាក់តាំងចិត្តស្រឡាញ់ មិនអាចបំបាត់អារម្មណ៍នោះបាន ទោះបីជាកាលៈទេសៈបំបែកចែកឲ្យឆ្ងាយពីគ្នាក៏ដោយ។ បទនេះត្រូវបានចងក្រងក្នុងទសវត្សរ៍ 1960–1970 គឺជាដំណាក់កាលសម្រស់នៃតន្ត្រីខ្មែរដែលមានការប្រកួតប្រជែង និងការបង្កើតច្នៃប្រឌិតយ៉ាងច្រើន។

មកដឹងពីប្រវត្តិខ្លះៗរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត លោក ស៊ីន ស៊ីសាមុតកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ នៅខេត្តខេត្តស្ទឹងត្រែង។លោក​ជា​កូន​ប្រុស​ពៅ​និងមានបង​ប្អូនចំនួន ៤នាក់​ (ប្រុស ២ ស្រី ២) ឪពុករបស់​លោកឈ្មោះ ស៊ីន លាង ជានាយទាហ៊ានប្រចាំខេត្តបាត់ដំបង នៃ​ទាហានបដិវដ្តន៍ ប្រឆាំង ​អាណានិគមន៍​បារាំង ហើយ ​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺប្រចាំកាយ ចំណែកឯម្ដាយលោក ឈ្មោះ ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។លោកស៊ីន-ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់មានដូចជា ស៊ីន យុទ្ធនា ស៊ីន ច័ន្ទឆ័យា ស៊ីន វ៉ាន់ថា ស៊ីន ប្រាសាទសង្វា។ លោកគឺជា អ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ លើសពីនេះលោកមានអាជីពជា អ្នកចម្រៀង និង ជាអ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធទំនុកភ្លេង និង ជាអ្នកសម្រួលតន្ត្រី ជាតន្ត្រីករ និង ផលិតករខ្សែភាពយន្ត។

ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងជាមួយដៃគូអ្នកនិពន្ធដ៏ទៃទៀតក្នុងជំនាន់នោះ ដែលលោក "ស៊ីន ស៊ីសាមុត" មានបទចម្រៀងសរុប ១,២០០ បទ ក្នុងចំណោមបទចម្រៀងទាំងនោះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ ចំនួនជាង ៥០០ បទ ដោយស្មើនិង ៥០ អាលប៊ុម អាលប៊ុមដែលលោកបានច្រៀងនៅ ផលិតកម្មឆ្លងដែន មានចំនួន ២៥០ អាលប៊ុម ផលិតកម្មវត្តភ្នំ (Original) មានចំនួន ១៥៨ អាលប៊ុម ផលិតកម្ម Sayonara Cover ពីអ្នកចម្រៀងបរទេស មានចំនួន ៩០ អាលប៊ុម និង ផលិតកម្ម រស្មីពានមាស មានចំនួន ៥០ អាលប៊ុម ដែលជា Original Master Albums​។ ការកត់ត្រាជាស្នាដៃនិពន្ធរបស់ លោក ស៊ីន-ស៊ីសាមុត ភាគច្រើនត្រូវបានបំផ្លាញដោយរបបខ្មែរក្រហមក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ឥទ្ធិពលបរទេសចេញពីសង្គមកម្ពុជាឬត្រូវបានបាត់បង់ដោយសារការពុកផុយ។ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកប្រមូលនិងសហគ្រិនបានរកឃើញនិងថតចម្លងឯកសារថតចម្លងខ្លះរបស់គាត់បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩។

ក្នុងឆ្នាំ ១៩៧៥ ពេលខ្មែរក្រហមកាន់កាប់ប្រទេស សិល្បករជាច្រើនត្រូវរងគ្រោះ រួមទាំងលោកស៊ីន ស៊ីសាមុតផងដែរ។ លោក "ស៊ីន ស៊ីសាមុត" ទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦។ ទោះបីជាលោកបញ្ចប់ជីវិតក្នុងសង្គ្រាម តែចម្រៀងរបស់លោកនៅតែមានជីវិត ដោយមានការច្រៀងឡើងវិញ និងស្តាប់ជាបន្តទៀត។ បទចម្រៀងរបស់ស៊ីន ស៊ីសាមុតបានក្លាយជាប្រភព អត្តសញ្ញាណ និងមោទនភាពជាតិ សម្រាប់ជនខ្មែរទូទាំងអស់គ្នា៕

 

អត្ថបទដោយ៖ កណ្ណិការ