
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបញ្ជូនការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងសន្នីសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៧ សីហា នៅទីស្តីការគណៈរដ្ឋមន្ត្រីថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងយោធាថៃ រក្សានូវស្ថានភាពមិនផ្លាស់ប្តូរ ដូចដែលមាននៅក្នុងបទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ចាត់វិធានការសមស្របដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភបំពាន។
បន្ថែមទៀតពីនេះ ការដោះស្រាយទំនាស់ព្រំដែនខាងលើតាមរយៈយន្តការ GBC និង JBC ព្រមទាំងគោរពយ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់។
ជាមួយគ្នានេះដែរក្រសួងការបរទេស រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះ ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ តាមរយៈការប្រើកម្លាំងនោះទេ៕
[ប្រភព៖ក្រសួងព័ត៌មាន]