យោងតាមរបាយការណ៍ «ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងទស្សនវិស័យឆ្នាំ ២០២៦» ផ្សាយដោយអង្គការសហប្រជាជាតិ (UN) បានបង្ហាញឱ្យឃើញថា ទិន្នផលសេដ្ឋកិច្ចសកលនឹងបន្តថមថយមកនៅត្រឹម ២,៧% ក្នុងឆ្នាំ ២០២៦។ តួលេខនេះបង្ហាញពីសញ្ញាព្រមានខណៈវាមានកម្រិតទាបជាងការព្យាករណ៍ក្នុងឆ្នាំ២០២៥ ដែលស្ថិតក្នុងរង្វង់ ២,៨% និងនៅឆ្ងាយពីមធ្យមភាគ ៣,២% កាលពីមុនពេលមានវិបត្តិជំងឺរាតត្បាតសកល។ ទោះបីជាការចំណាយរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំងក្លាបានជួយទប់ទល់នឹងផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែភាពទន់ខ្សោយនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅតែបន្តជាក្តីបារម្ភ។ កង្វះខាតនៃការវិនិយោគ និងលំហសារពើពន្ធដែលមានកម្រិតកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសកម្មភាពសេដ្ឋកិច្ចដែលអាចធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុង «គន្លងនៃកំណើនយឺតយ៉ាវរ៉ាំរ៉ៃ»។ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ផលប៉ះពាល់ពីពន្ធគយខ្ពស់រួមផ្សំជាមួយនឹងភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ច នឹងកាន់តែស្តែងឡើងយ៉ាងច្បាស់នៅក្នុងឆ្នាំ២០២៦ ដែលនាំឱ្យពាណិជ្ជកម្មអន្តរជាតិថយចុះមកនៅត្រឹម ២,២%។

ចំពោះទស្សនវិស័យតាមតំបន់ សេដ្ឋកិច្ចសហរដ្ឋអាមេរិកត្រូវបានព្យាករថានឹងមានកំណើន ២,០% ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ប៉ុន្តែទីផ្សារការងារដែលចាប់ផ្តើមចុះខ្សោយអាចនឹងបង្អាក់សន្ទុះនេះ។ ដោយឡែក សហភាពអឺរ៉ុបនឹងជួបការលំបាកដោយកំណើនធ្លាក់ចុះមកត្រឹម ១,៣% ខណៈដែលតំបន់អាស៊ីបូព៌ារំពឹងថានឹងមានកំណើន ៤,៤% ដោយក្នុងនោះសេដ្ឋកិច្ចចិនស្ថិតក្នុងរង្វង់ ៤,៦%។ សម្រាប់តំបន់អាស៊ីខាងត្បូង ឥណ្ឌានៅតែជាកម្លាំងចលករឈានមុខគេជាមួយនឹងការព្យាករកំណើន ៦,៦% ដែលជំរុញដោយការវិនិយោគសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់។ ទន្ទឹមនឹងការថមថយកំណើន បញ្ហាអតិផរណានៅតែជាប្រធានបទក្តៅទោះបីជាអត្រាទូទៅត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,១% នៅឆ្នាំ ២០២៦ ក៏ដោយ។ លោក Li Junhua អនុប្រធានអគ្គលេខាធិការ អង្កការសហប្រជាជាតិ បានព្រមានថា ទោះបីជាអតិផរណាស្រកចុះ ប៉ុន្តែតម្លៃទំនិញដែលនៅតែខ្ពស់កំពុងបន្តស៊ីដាច់អំណាចទិញរបស់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត។ បញ្ហានេះតម្រូវឱ្យមានការការពារ ការចំណាយលើសេវាចាំបាច់ និងការដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលបង្កឱ្យមានការឡើងថ្លៃទំនិញភ្លាមៗ។

ជាការឆ្លើយតប អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាថ្មីចំពោះប្រព័ន្ធពហុភាគីនិយម។ លោកបានបញ្ជាក់ថា ភាពតានតឹងផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា កំពុងបង្កឱ្យមានភាពមិនច្បាស់លាស់ថ្មីៗ និងបង្កើនភាពងាយរងគ្រោះក្នុងសង្គម។ របាយការណ៍បានជំរុញឱ្យពិភពលោកងាកមកកសាងទំនុកចិត្តឡើងវិញនិងធ្វើកំណែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិដើម្បីកាត់បន្ថយហានិភ័យនិងធានាឱ្យមានស្ថិរភាពសេដ្ឋកិច្ច ប្រកបដោយសមធម៌សម្រាប់គ្រប់ប្រទេសទាំងអស់។


ប្រែសម្រួលដោយ ៖ មហាឫទ្ធិ

ប្រភព៖ UN