ក្រុមហ៊ុន Micron Technology (MU) បានប្រកាសថា ខ្លួននឹងទិញរោងចក្រផលិតបន្ទះឈីប (Chip Fab) នៅតៃវ៉ាន់ពីក្រុមហ៊ុន Powerchip Semiconductor Manufacturing Corp. (PSMC) ក្នុងតម្លៃ ១,៨ ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតអង្គចងចាំ DRAM ដែលកំពុងមានតម្រូវការខ្ពស់ដោយសារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI)។

គូបញ្ជាក់ដែរថា ក្រុមហ៊ុនMicron ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Boise រដ្ឋ Idaho សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានចុះហត្ថលេខាលើលិខិតដើម្បីទិញរោងចក្រ P5 Fab ពី PSMC។ កិច្ចព្រមព្រៀងនេះរំពឹងថានឹងបញ្ចប់នៅ ឆមាសទី២ ឆ្នាំ២០២៦ ហើយ Micron នឹងចាប់ផ្តើមបង្កើនការផលិត DRAM ជាបន្តបន្ទាប់ ដោយរំពឹងថានឹងមានការផលិតបន្ទះ DRAM ក្នុងបរិមាណគួរឱ្យកត់សម្គាល់នៅ ឆមាសទី២ ឆ្នាំ២០២៧។

បន្ថែមពីនេះ Micron និង PSMC ក៏មានផែនការបង្កើត ភាពជាដៃគូរយៈពេលវែង ក្នុងការដំណើរការក្រោយការផលិត និងគាំទ្រអាជីវកម្ម DRAM ចាស់ៗរបស់ PSMC ផងដែរ។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ តម្រូវការនិងតម្លៃឈីបអង្គចងចាំបានកើនឡើងយ៉ាងខ្លាំង ដោយសារការកើនឡើងនៃមជ្ឈមណ្ឌលទិន្នន័យ AI។ ក្រុមហ៊ុនធំៗដូចជា Micron, Samsung Electronics និងក្រុមហ៊ុនផលិតឈីបផ្សេងទៀត ត្រូវបានកក់សមត្ថភាពផលិតរយៈពេលជាច្រើនឆ្នាំរួចទៅហើយ។ ជាមួយគ្នានេះផងដែរ កាលពីថ្ងៃសុក្រ Micron បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវរោងចក្រផលិតឈីបថ្មីមួយ នៅកណ្តាលរដ្ឋញូវយ៉ក ដែលមានតម្លៃវិនិយោគរហូតដល់ ១០០ ពាន់លានដុល្លារ។ កាលពីថ្ងៃសុក្រ ភាគហ៊ុន MU បានកើនឡើង ៧,៨% ដល់តម្លៃ ៣៦២,៧៥ ដុល្លារ ក្នុងមួយភាគហ៊ុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ភាគហ៊ុន Micron បានកើនឡើងរួចហើយ ២៧,១% ហើយបានកើនឡើងដល់ ៤៨៩% បើប្រៀបធៀបនឹងកម្រិតទាបនៅខែមេសា ឆ្នាំ២០២៥។
បែ្រសម្រួលដោយ៖ កណ្ណិការ
ប្រភព៖ Investors.com