ក្រុមហ៊ុន Meta ដែលជាម្ចាស់បណ្តាញសង្គម Facebook កំពុងរៀបចំផែនការបង្កើនការវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំនេះ ដោយនាយកប្រតិបត្តិលោក Mark Zuckerberg បង្ហាញជំហរច្បាស់ថា AI គឺជាគន្លឹះសំខាន់សម្រាប់អនាគតរបស់ក្រុមហ៊ុន។

ក្នុងកិច្ចប្រជុំជាមួយអ្នកវិភាគហិរញ្ញវត្ថុ ដើម្បីពិភាក្សាពីលទ្ធផលហិរញ្ញវត្ថុឆ្នាំ ២០២៥ លោក Zuckerberg បានបញ្ជាក់ថា Meta រំពឹងចំណាយរហូតដល់ ១៣៥ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ដែលភាគច្រើននឹងត្រូវចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងពាក់ព័ន្ធនឹង AI។ ចំនួននេះជិតទ្វេដងនៃការចំណាយ ៧២ ពាន់លានដុល្លារ កាលក្នុងឆ្នាំមុន។

ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ Meta បានវិនិយោគប្រហែល ១៤០ ពាន់លានដុល្លារ ដើម្បីប្រកួតប្រជែង និង ដឹកនាំការរីកចម្រើននៃបច្ចេកវិទ្យា AI។ លោក Zuckerberg ក៏បានទស្សន៍ទាយថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដែល AI ផ្លាស់ប្តូររបៀបធ្វើការរបស់មនុស្សយ៉ាងខ្លាំង

ទោះជាយ៉ាងណា ទិន្នន័យហិរញ្ញវត្ថុបង្ហាញថា ការចំណាយរបស់ Meta កំពុងកើនលឿនជាងប្រាក់ចំណូល ដែលបណ្តាលឲ្យរឹមប្រាក់ចំណេញថយចុះនៅត្រីមាសចុងក្រោយឆ្នាំ ២០២៥។ ទោះបីបែបនេះក្តី ភាគហ៊ុន Meta នៅតែកើនឡើងប្រហែល ៦.៥% ក្នុងការជួញដូរបន្តនៅទីក្រុងញូវយ៉ក បន្ទាប់ពីការប្រកាសផែនការនេះ។

Mark Zuckerberg's AI Vision Makes Metaverse a Slightly Easier Sell - WSJ

លោក Zuckerberg ក៏បានបញ្ជាក់ផងដែរថា ការវិនិយោគ AI អាចនាំឲ្យមានការកាត់បន្ថយកម្លាំងពលកម្មបន្ថែមទៀត ព្រោះគម្រោងមួយចំនួនដែលធ្លាប់ត្រូវការក្រុមធំៗ ឥឡូវនេះអាចសម្រេចបានដោយមនុស្សតែម្នាក់ដែលមានជំនាញខ្ពស់ និងប្រើឧបករណ៍ AI។ នៅឆ្នាំនេះ Meta បានបញ្ឈប់បុគ្គលិករាប់រយនាក់ ជាពិសេសនៅផ្នែក Reality Labs ដែលផ្តោតលើ metaverse និងផលិតផលផ្នែករឹង។

ទន្ទឹមនឹងនេះ លោក Zuckerberg បានលើកឡើងថា ក្រុមហ៊ុនកំពុងវិនិយោគលើឧបករណ៍ AI ដើម្បីជួយឲ្យបុគ្គលិក យ៉ាងពិសេសវិស្វករផ្នែកទន់ អាចធ្វើការបានមានប្រសិទ្ធភាពខ្ពស់ជាងមុន។ លោកថា ភាពខុសគ្នារវាងអ្នកដែលប្រើ AI បានល្អ និងអ្នកដែលមិនអាចប្រើបាន គឺកាន់តែច្បាស់ឡើង។

 

 

ប្រែសម្រួលដោយ៖ កណ្ណិការ
ប្រភព៖ BBC