[ប៉េកាំង]៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang ត្រូវបានរំពឹងថានឹងប្រកាសពីគោលដៅសេដ្ឋកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ក្នុងឱកាសបើកកិច្ចប្រជុំសភាប្រចាំឆ្នាំនាថ្ងៃទី៥ ខែមីនាខាងមុខនេះ។
អ្នកវិភាគភាគច្រើនរំពឹងថា ទីក្រុងប៉េកាំងនឹងបញ្ចុះគោលដៅកំណើនសេដ្ឋកិច្ចមកនៅត្រឹម "៤,៥% ទៅ ៥%" ដែលជាការទម្លាក់គោលដៅលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។ ការរក្សាកំណើនក្នុងកម្រិត ៥% ត្រូវបានគេមើលឃើញថាមានបញ្ហាប្រឈមខ្លាំង ប្រសិនបើគ្មានវិធានការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណាក៏ដោយសេដ្ឋវិទូនៃធនាគារ Morgan Stanley ជឿថា ចិននឹងរក្សាគោលដៅ ៥% ដដែល ដើម្បីបង្ហាញពីទំនុកចិត្តក្នុងការចាប់ផ្ដើមវដ្តគោលនយោបាយថ្មីសម្រាប់រយៈពេល ៥ ខាងមុខនេះ។

ឱនភាពថវិកាត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិត ៤% នៃ GDP ខណៈដែលរដ្ឋាភិបាលចិនប្តេជ្ញាអនុវត្តគោលនយោបាយសារពើពន្ធ "សកម្ម"។ ការចំណាយនឹងផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគឧស្សាហកម្ម ការជំរុញរបកគំហើញបច្ចេកវិទ្យា និងការបែងចែកថវិកាមួយផ្នែកដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក (ទោះបីជាទំហំជាក់លាក់មិនទាន់ច្បាស់លាស់ក៏ដោយ)។
តាមការព្យាករពីស្ថាប័នហិរញ្ញវត្ថុធំៗសម្រាប់ឆ្នាំ២០២៦ Goldman Sachs រំពឹងថានឹងមានការលក់មូលបត្របំណុលរដ្ឋាភិបាលកណ្តាលចំនួន ១,៨ ទ្រីលានយន់ និងមូលបត្របំណុលរដ្ឋាភិបាលក្នុងស្រុកចំនួន ៤,៦ ទ្រីលានយន់ និងCiti រំពឹងថាការបោះផ្សាយមូលបត្របំណុលកណ្តាលមានចំនួន ១,៦ ទ្រីលានយន់។ កាលពីឆ្នាំមុន ចិនបានកំណត់កូតាមូលបត្របំណុលរតនាគាររយៈពេលវែងបំផុតចំនួន ១,៣ ទ្រីលានយន់ ដើម្បីគាំទ្រសេដ្ឋកិច្ចនិងបានប្រើប្រាស់ថវិកា ៥០០ ប៊ីលានយន់ទៀតដើម្បីពង្រឹងដើមទុនធនាគាររដ្ឋ។
កាលពីឆ្នាំមុន ចិនបង្កើតការងារថ្មីក្នុងទីក្រុងបាន ១២,៦៧ លានកន្លែងជាមួយអត្រាគ្មានការងារធ្វើ ៥,២%។ សម្រាប់ឆ្នាំនេះ សេដ្ឋវិទូ Citi រំពឹងថា គោលដៅបង្កើតការងារថ្មីនឹងនៅកម្រិត១២ លានកន្លែង នឹងមាននិស្សិតបញ្ចប់ការសិក្សាចំនួន ១២,៧ លាននាក់ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ គោលដៅអតិផរណាត្រូវបានគេរំពឹងថានឹងរក្សានៅកម្រិត ២%។ ទោះជាយ៉ាងណា ទីផ្សារចាត់ទុកតួលេខនេះជា "ពិដាន" (កម្រិតអតិបរមា) ជាងជាគោលដៅដែលត្រូវសម្រេចឱ្យបាន ដ្បិតចិនកំពុងប្រឈមនឹងសម្ពាធអតិផរណាទាប។ តម្លៃទំនិញប្រើប្រាស់ក្នុងខែមករាកើនឡើងត្រឹម ០,២% ប៉ុណ្ណោះ ធៀបនឹង ០,៨% កាលពីខែធ្នូ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters