តម្លៃប្រាក់ដុល្លារអាមេរិកបានបង្ហាញសញ្ញាងើបឡើងវិញយ៉ាងខ្លាំងនៅថ្ងៃចន្ទនេះ បន្ទាប់ពីការគំរាមកំហែងវាយបកសងសឹកគ្នានៅក្នុងវិបត្តិមជ្ឈិមបូព៌ាបានផ្ទុះឡើងជាបន្តបន្ទាប់។ ស្ថានភាពដ៏តានតឹងនេះ បានធ្វើឱ្យបរិយាកាសវិនិយោគធ្លាក់ក្នុងភាពភ័យខ្លាច និងបង្កឱ្យមានតម្រូវការកាន់តែខ្លាំងលើរូបិយបណ្ណដែលមានស្ថិរភាព ឬ «ទ្រព្យសុវត្ថិភាព» (Haven Assets) ដើម្បីបង្ការហានិភ័យ។

ក្តីសង្ឃឹមក្នុងការបញ្ចប់ជម្លោះនៅតំបន់ឈូងសមុទ្របានរលាយសាបសូន្យទៅវិញនៅចុងសប្តាហ៍នេះ ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានវាយប្រហារលើបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ីរ៉ង់ (Iran)។ ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់ (Tehran) ក៏បានប្តេជ្ញាវាយបកលើប្រព័ន្ធថាមពល និងទឹកស្អាតនៃបណ្តាប្រទេសជិតខាងវិញដែរ។ លើសពីនេះ អ៊ីរ៉ង់បានបញ្ជាក់ថា ផ្លូវទឹកយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេង «ច្រកសមុទ្រហ័រមូស» (Strait of Hormuz) នឹងត្រូវបន្តបិទដដែល។
យោងតាមលោក រ៉ូទ្រីហ្គោ ខាទ្រីល (Rodrigo Catril) អ្នកជំនាញយុទ្ធសាស្ត្ររូបិយបណ្ណនៅធនាគារជាតិអូស្ត្រាលី (National Australia Bank) បានលើកឡើងថា ប្រទេសដែលរងគ្រោះដោយសារវិបត្តិថាមពល នឹងធ្វើឱ្យរូបិយបណ្ណរបស់ខ្លួនចុះខ្សោយ។ ជាក់ស្តែង ប្រាក់អឺរ៉ូ (Euro) និងប្រាក់យ៉េនជប៉ុន (Yen) កំពុងជួបការលំបាក ខណៈដែលសន្ទស្សន៍ប្រាក់ដុល្លារបានកើនឡើង ០,០៣% ទៅដល់ ៩៩,៥៣។ ដោយឡែក ប្រាក់ផោនអង់គ្លេស (Sterling) ក៏បានចុះថោកមកត្រឹម ១,៣៣៣១ ដុល្លារផងដែរ។
មុនពេលជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើងនៅចុងខែកុម្ភៈ វិនិយោគិនធ្លាប់រំពឹងថាធនាគារកណ្តាលអាមេរិក (Federal Reserve) នឹងបញ្ចុះអត្រាការប្រាក់ចំនួនពីរលើកនៅឆ្នាំនេះ។ ប៉ុន្តែបច្ចុប្បន្ន ក្តីរំពឹងនេះបានប្រែជាស្រពិចស្រពិលទៅវិញ។ លោក ជេរ៉ូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាមេរិក បានបញ្ជាក់ថា វាហាក់ដូចជាលឿនពេកក្នុងការវាយតម្លៃពីទំហំ និងរយៈពេលនៃផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមនេះ។
លទ្ធភាពនៃការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល កំពុងគំរាមកំហែងដល់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ដែលពឹងផ្អែកលើរោងចក្រចម្រោះទឹកប្រៃ។ នៅផ្នែកហិរញ្ញវត្ថុវិញ សញ្ញាព្រមានបានបង្ហាញថាផ្សារភាគហ៊ុនជប៉ុន (Nikkei) អាចនឹងដាំក្បាលចុះ ខណៈដែលទិន្នផលសញ្ញាបណ្ណរតនាគារអាមេរិករយៈពេល ១០ ឆ្នាំ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៨ ខែ។ សូម្បីតែទីផ្សាររូបិយបណ្ណឌីជីថលដូចជា ប៊ីតឃញ (Bitcoin) ក៏បានធ្លាក់ចុះ ០,៤១% មកនៅត្រឹម ៦៧.៩០០,៤១ ដុល្លារផងដែរ។
ប្រែសម្រួលដោយ៖ ស៊ឺម សមាន
ប្រភព៖ Reuters