ឧស្សាហកម្មបច្ចេកវិទ្យាកំពុងប្រឈមមុខនឹងវិសមាមាត្ររវាងការផ្គត់ផ្គង់ និងតម្រូវការយ៉ាងខ្លាំងក្លា ដោយសារការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) បានជំរុញឱ្យមានតម្រូវការអង្គចងចាំ (Memory) និងសមត្ថភាពផ្ទុកទិន្នន័យក្នុងបរិមាណដ៏មហិមា។ ទន្ទឹមនឹងការវិភាគលើយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple ផលប៉ះពាល់លើតម្លៃលក់រាយហាក់ដូចជាកំពុងកើតឡើងលឿនជាងការរំពឹងទុក។

យោងតាមព្រឹត្តិបត្រព័ត៌មាន "Power On" របស់លោក Mark Gurman មកពីទីភ្នាក់ងារ Bloomberg កាលពីថ្ងៃអាទិត្យកន្លងទៅ បានឱ្យដឹងថា ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពតម្លៃថ្មីសម្រាប់ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ មួយចំនួនរបស់ខ្លួនទាំងនៅលើគេហទំព័រផ្លូវការ និងនៅតាមហាងលក់រាយ។ ការកែសម្រួលតម្លៃនេះមានសន្ទុះគួរឱ្យភ្ញាក់ផ្អើល តួយ៉ាងដូចជា SanDisk SSD ទំហំ 4TB បានហក់ឡើងពីប្រហែល $500 រហូតដល់ជិត $1,200 ខណៈដែលប្រភេទ 1TB ក៏បានកើនឡើងពី $120 ទៅជាង $350 ផងដែរ។

ទោះបីជា Apple ជាអ្នកកំណត់តម្លៃលក់ចុងក្រោយក៏ដោយ ប៉ុន្តែលោក Gurman បានកត់សម្គាល់ថា ក្រុមហ៊ុនហាក់មានឥទ្ធិពលតិចតួចប៉ុណ្ណោះលើការប្រែប្រួលនេះ។ មូលហេតុចម្បងគឺដោយសារ អ្នកផ្គត់ផ្គង់(Vendors) ជាអ្នកកំណត់តម្លៃដើម ស្របពេលដែល Apple ដើរតួត្រឹមតែជាអ្នកបញ្ជាទិញផលិតផលសម្រេចមកចែកចាយបន្ត បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់កត្តាតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាកង្វះខាតទំនិញនៅក្នុងស្តុកទៀតផង។

វិបត្តិដែលលោក Gurman បានលើកឡើងនេះ មិនមែនកើតឡើងចំពោះតែ Apple នោះទេ។ កំណើនតម្រូវការបន្ទះឈីបសម្រាប់ផលិត RAM និង SSD ដើម្បីទ្រទ្រង់ប្រព័ន្ធ AI កំពុងជះឥទ្ធិពលដល់ក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក។ សូម្បីតែនៅលើគេហទំព័រ Amazon ការស្វែងរកឧបករណ៍ផ្ទុកទិន្នន័យ រួមទាំងប្រភេទដ្រាយមេកានិច (HDD) ក៏បង្ហាញពីសញ្ញានៃការកំណត់ចំនួនស្តុក និងការកើនឡើងតម្លៃដើមដូចគ្នា។

ស្ថានភាពនេះកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់អ្នកប្រើប្រាស់ដែលត្រូវការជាវគ្រឿងបន្លាស់និងឧបករណ៍បន្ទាប់បន្សំ។ អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះគឺ វិបត្តិនេះអាចនឹងមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីឡើយដរាបណាតម្រូវការបន្ទះឈីបក្នុងវិស័យ AI នៅតែបន្តកើនឡើង។ អ្នកប្រើប្រាស់អាចនឹងត្រូវរង់ចាំរហូតទាល់តែសមត្ថភាពផលិតបន្ទះឈីបសកលត្រូវបានពង្រីកបន្ថែមទើបតម្លៃអាចត្រឡប់មករកសភាពល្អប្រសើរវិញ។

 

 

 

 

ប្រភព៖ AppleInsider