[រាជធានីភ្នំពេញ]៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ថ្លែងក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពគន្លឹះក្នុងការពង្រឹង "នីតិរដ្ឋ" ដែលជាមូលដ្ឋានគ្រឹះនៃស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិ។ ឯកឧត្តមបានបន្តថា ក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការពន្លឿនការដោះស្រាយរឿងក្ដី និងការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនានានៅតាមសាលាជម្រះក្ដី។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីយុត្តិធម៌ ពិសេសចៅក្រម និងព្រះរាជអាជ្ញា ត្រូវពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពង់ខ្ពស់បំផុត។
ក្នុងពិធីដដែលនេះ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ក៏បានលើកឡើងពីសារៈសំខាន់នៃការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពវិស័យយុត្តិធម៌ ដើម្បីស្វែងរកឱ្យឃើញនូវចំណុចខ្វះខាត ទាំងលើការអនុវត្តច្បាប់ និងការបំពេញការងារជាក់ស្ដែង។ ឯកឧត្តមបានដាស់តឿនដល់ចៅក្រម និងព្រះរាជអាជ្ញា មិនត្រូវធ្វេសប្រហែសចំពោះក្រមសីលធម៌ ដែលអាចឈានទៅដល់ការអនុវត្តវិន័យណាមួយឡើង។
គួរបញ្ជាក់ថា សន្និបាតវិស័យយុត្តិធម៌នេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦) ក្នុងគោលបំណងតាមដាន និងវាយតម្លៃរាល់ផែនការសកម្មភាពដែលបានដាក់ចេញនាពេលកន្លងមក ព្រមទាំងកំណត់ទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន