សហរដ្ឋអាមេរិក៖ មនុស្សចំនួន ១២នាក់ ក្នុងនោះមានអនីតិជន ៦នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយនៅជិតបរិវេណសាកលវិទ្យាល័យ Florida Agricultural and Mechanical University ក្នុងទីក្រុង Tallahassee រដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍។ ក្នុងចំណោមជនរងគ្រោះ មាន ១១នាក់រងរបួសដោយគ្រាប់កាំភ្លើង និងម្នាក់ទៀតរងរបួសដោយមូលហេតុផ្សេង។

ប៉ូលិសទីក្រុង Tallahassee បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចប្រសព្វផ្លូវមួយក្បែរកីឡដ្ឋាន Bragg របស់សាកលវិទ្យាល័យ មុនម៉ោង ៨យប់ បន្ទាប់ពីការប្រកួតកីឡាបាល់ទាត់ក្នុងផ្ទះបានបញ្ចប់។ ការស៊ើបអង្កេតបឋមបង្ហាញថា មានការប៉ះទង្គិចគ្នាដោយហិង្សារវាងមនុស្សមួយក្រុម មុនពេលមានការបាញ់ប្រហារ។ យោងតាមអាជ្ញាធរ ជនរងគ្រោះទាំង ១២នាក់ រួមមានមនុស្សពេញវ័យ ៦នាក់ និងអនីតិជន ៦នាក់ ដោយជនរងគ្រោះក្មេងជាងគេមានអាយុ ១១ឆ្នាំ។ ក្នុងចំណោមអ្នករងរបួស យ៉ាងហោចណាស់ ៣នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈមនុស្ស ៩នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាស្ថិតក្នុងស្ថានភាពនឹងនរ។

នៅព្រឹកថ្ងៃអាទិត្យ ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះ ៥នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ខណៈម្នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមិនទាន់បានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពអ្នករងរបួសផ្សេងទៀតនៅឡើយទេ។ 

ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃអាទិត្យ ប្រធានប៉ូលិសទីក្រុង Tallahassee លោក Lawrence Revell បានបញ្ជាក់ថា មកទល់ពេលនោះ មិនទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ។ ប៉ូលិសជឿជាក់ថា មានអ្នកបាញ់ប្រហារតែម្នាក់ប៉ុណ្ណោះដែលពាក់ព័ន្ធនឹងហេតុការណ៍នេះ ហើយកំពុងបន្តស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកទទួលខុសត្រូវ។

លោក Revell បាននិយាយថា ក្រុមស៊ើបអង្កេតនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ និងដំណើររឿងទាំងស្រុងនៅឡើយទេ ប៉ុន្តែព័ត៌មានបឋមបង្ហាញថា វាអាចជាជម្លោះរវាងបុគ្គលមួយចំនួន មិនមែនជាការវាយប្រហារដែលមានគោលដៅទូលំទូលាយនោះទេ។ លោកក៏បានសរសើរដល់មន្ត្រីប៉ូលិសដែលបានប្រញាប់ចូលជួយជនរងគ្រោះ និងដឹកពួកគេចេញពីកន្លែងកើតហេតុ ទោះបីជាពេលនោះមិនទាន់ដឹងច្បាស់ថា អ្នកបាញ់ប្រហារស្ថិតនៅទីណាក៏ដោយ។

សាកលវិទ្យាល័យ Florida Agricultural and Mechanical University បានបញ្ជាក់តាមបណ្តាញសង្គមថា សុវត្ថិភាពរបស់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក គឺជាអាទិភាពខ្ពស់បំផុតរបស់ស្ថាប័ន។ ចំណែកលោក Revell បានសម្តែងការចូលរួមរំលែកទុក្ខ និងការឈឺចាប់ជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដោយលើកឡើងថា គ្មានគ្រួសារណាមួយគួរត្រូវប្រឈមមុខនឹងអំពើហិង្សា និងការឈឺចាប់បែបនេះឡើយ។ ជាមួយគ្នានេះ ប៉ូលិសបានអំពាវនាវឱ្យសាធារណជនដែលមានព័ត៌មានពាក់ព័ន្ធនឹងហេតុការណ៍នេះ ផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីជួយដល់ការស៊ើបអង្កេត និងនាំខ្លួនអ្នកទទួលខុសត្រូវមកផ្តន្ទាទោសតាមច្បាប់។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ The Guardian