វិមានព្រឹទ្ធសភា៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជស ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងឱកាសនោះ រួមមាន ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ក្រាបនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសំដៅការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មប្រភេទនេះ។ ជាលទ្ធផល អង្គព្រឹទ្ធសភាបានសម្រេចអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ខាងលើ ដោយឥតកែប្រែ ក្នុងសំឡេង ៥៨ លើ ៥៨ សំឡេង នៃសមាជិកព្រឹទ្ធសភាដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល។

 

 

 

 

 

ប្រភព៖ ក្រសួងយុត្តិធម៌