រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាកែទម្រង់ក្រោមប្រធានបទ «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។
វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងគ្រឹះស្ថានសិក្សា ព្រមទាំងអ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

ក្នុងប្រសាសន៍បើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តជំរុញការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ និងមានលក្ខណៈប្រទាក់ក្រឡាគ្នាដើម្បីគាំទ្រដល់ការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច។ ការងារនេះត្រូវបានធ្វើឡើងទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការពង្រឹងអភិបាលកិច្ចក្នុងវិស័យឯកជន សំដៅធានាដល់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៤ រួមមាន៖
1. ការពង្រឹង និងកែទម្រង់ស្ថាប័ន
2. ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពការងារ
3. ការលើកកម្ពស់ភាពស្អាតស្អំ ក្នុងរដ្ឋបាលសាធារណៈ
4. ការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា វេទិកានាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣៖
• ទី១. ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់សាធារណជន និងអ្នកជំនាញអំពីតថភាពពិតនៃកំណែទម្រង់
• ទី២. ផ្សព្វផ្សាយអំពីសមិទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលសម្រេចបាន
• ទី៣. បង្កើតវេទិកាបើកចំហសម្រាប់មហាជន និងអ្នកស្រាវជ្រាវ ក្នុងការបញ្ចេញទស្សនៈ និងយោបល់ស្ថាបនាលើការងារអភិបាលកិច្ច
ជាទីបញ្ចប់ ឯកឧត្តមបានសង្កត់ធ្ងន់ថា«វេទិកានេះគឺជាឱកាសដ៏សំខាន់ដែលយើងអាចទទួលបានព័ត៌មានពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអាទិភាព។ ខ្ញុំសង្ឃឹមថា អង្គពិធីនឹងប្រើប្រាស់ឱកាសនេះពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានផុលផុសដើម្បីជាមូលដ្ឋានទិន្នន័យក្នុងការធ្វើសេចក្តីសម្រេចចិត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។

ប្រភព៖ ក្រសួងមុខងារសាធារណៈ