ករណីគ្រោះ រញ្ជួយដីដ៏ខ្លាំង មួយដែលកើតចេញពីជម្រៅនៃស្នូលផែនដី បានផ្លាស់ប្តូររូបរាងភូមិសាស្ត្រនៃប្រទេសដីកោះជប៉ុនទាំងស្រុង។ នៅពេលដែលគ្រោះរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ វាបានបន្សល់ទុកនូវការប្រែប្រួលភូមិសាស្ត្ររយៈពេលវែងមួយ។ យោងតាមទិន្នន័យវាស់វែងពីស្ថានីយ GPS បានបង្ហាញថា ជិត ១៥ នាទីបន្ទាប់ពីគ្រោះមហន្តរាយនេះបានចាប់ផ្តើមនៅម៉ោង ២:៤៦ នាទីរសៀល (ម៉ោងក្នុងស្រុក) ទឹកដីស្ទើរតែទាំងមូលនៃប្រទេសជប៉ុនបានរំកិលទៅទិសខាងកើត។ ដំបូងឡើយ ការរំកិលខ្លួននេះមានទំហំតូចខ្លាំង ពោលគឺត្រឹមតែ ៥ ទៅ ៦ មីលីម៉ែត្រ (០.២០ ទៅ ០.២៤ អ៊ីញ) ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាការប្រែប្រួលអចិន្ត្រៃយ៍មួយដែលមិនមាននរណាចាប់អារម្មណ៍ ហើយថែមទាំងត្រូវបានគេសន្និដ្ឋានថាជាកំហុសបច្ចេកទេសនៃទិន្នន័យ ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Sunyoung Park អ្នកវិទ្យាសាស្ត្រភូមិសាស្ត្រនៃសាកលវិទ្យាល័យឈីកាហ្គោ និងជាប្រធានក្រុមស្រាវជ្រាវនេះ បានកត់សម្គាល់ថា សញ្ញាដែលបានកត់ត្រាទាំងនោះ គឺជាភស្តុតាងបង្ហាញពីការផ្លាស់ប្តូរជាក់ស្តែងមួយ។ យោងតាមការសិក្សាថ្មីមួយ ចលនារបស់ដីនេះបានឆ្លុះបញ្ចាំងពីបាតុភូតរញ្ជួយដីដ៏ចម្លែកមួយ ដែលមិនធ្លាប់មានការកត់ត្រាក្នុងប្រវត្តិសាស្ត្រពីមុនមកឡើយ។ អ្វីដែលមិនធម្មតានោះគឺ គ្រឹះដីដឹងដីគោកទាំងមូលនៃប្រទេសជប៉ុន បានរំកិលខ្លួនស្ទើរតែក្នុងពេលតែមួយ។

លោកស្រី Park បានពន្យល់ថា ចលនានេះបានជះឥទ្ធិពលដល់ដីគោកជប៉ុនចាប់ពីកោះហុកកៃដូ រហូតដល់កោះក្យូស៊ូ ដែលមានចម្ងាយសរុបប្រហែល ១,៨០០ ម៉ាយល៍ (៣,០០០ គីឡូម៉ែត្រ)។ ចលនានេះមិនបានកើតឡើងស្របពេលនឹងការរញ្ជួយដីដំបូងឡើយ ហើយក៏បានកើតឡើងមុនពេលមានការរញ្ជួយដីបន្ទាប់បន្សំ ធំៗណាមួយដែរ។ ក្រោយការវិភាគទិន្នន័យ GPS និងទិន្នន័យរញ្ជួយដីយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនឆ្នាំ លោកស្រី Park និងសហការី បានរកឃើញថា រលករញ្ជួយដីបានធ្វើដំណើរចុះទៅក្រោមរហូតដល់ប៉ះនឹងស្នូលផែនដី រួចក៏បានផ្លាត ត្រឡប់មកលើសំបកផែនដីវិញ ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់ផ្លាកតិចតូនិច ធំៗចំនួនបួន។
ជាទូទៅ អ្នកជំនាញរញ្ជួយដីដឹងថា រលករញ្ជួយដីកម្រិតធំអាចធ្វើដំណើរទៅកាន់ជម្រៅនៃភពផែនដី និងផ្លាតចេញពីស្នូលខាងក្រៅ ដែលជាលោហៈរាវបាន ប៉ុន្តែពួកគេធ្លាប់តែគិតថា ថាមពលទាំងនោះនឹងរលាយបាត់អស់ មុនពេលវាធ្វើដំណើរមកដល់សំបកផែនដីវិញ។ លោកស្រី Park បានសង្កត់ធ្ងន់ថា ប្រភេទរលកជម្រៅដែលបង្កឱ្យមានបាតុភូតនេះ គឺជារបកគំហើញថ្មីស្រឡាង និងជាព្រឹត្តិការណ៍ដ៏កម្របំផុត ព្រោះវាមានវិសាលភាពធំធេងខ្លាំងណាស់។ ទោះបីជាការរញ្ជួយដីទូទៅអាចបង្កឱ្យមានចលនាដីយ៉ាងខ្លាំងក្លា ដូចជាការដាច់រហែកដី និងការប្រែប្រួលផ្ទៃដីធំៗជាច្រើនអ៊ីញក៏ដោយ ប៉ុន្តែចលនាទាំងនោះច្រើនតែកើតឡើងក្នុងតំបន់ដាច់ឡែក។ វាខុសស្រឡាងពីចលនារញ្ជួយដីរយៈកាលវែងទូទាំងប្រទេស ដែលរកឃើញដោយលោកស្រី Park និងក្រុមការងារ។
លោក Goran Ekstrom អ្នកភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យកូឡុំប៊ី ដែលមិនបានចូលរួមក្នុងការសិក្សានេះ បានពន្យល់ថា នៅក្នុងព្រឹត្តិការណ៍រញ្ជួយដីឆ្នាំ ២០១១ ផ្លាកតិចតូនិចទាំងពីរបានរអិលកាត់គ្នាទៅវិញទៅមកនៅក្រោមប្រទេសជប៉ុនក្នុងជម្រៅប្រហែល ១០ ម៉ែត្រ។ ចលនាយ៉ាងលឿននេះហើយដែលបង្កឱ្យមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ ព្រមទាំងបានធ្វើឱ្យកោះហុងស៊ូ ទាំងមូល ងាកទៅទិសខាងកើតប្រហែល ២០ សង់ទីម៉ែត្រ។
ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី Park និងសហការីបានរកឃើញថា ចលនាថ្មីដែលរកឃើញនេះ បើទោះជាវាមានទំហំតូចជាង ប៉ុន្តែវាគួរឱ្យកត់សម្គាល់បំផុត ព្រោះវាបានកើតឡើងលើផ្ទៃដីដ៏ធំធេង ដែលធ្វើឱ្យវាក្លាយជាបាតុភូតដ៏ធំបំផុតមិនធ្លាប់មាន ដោយបញ្ចេញថាមពលសមមូលនឹងការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រឯណោះ។
គ្រោះរញ្ជួយដីកាលពីខែមីនា ឆ្នាំ ២០១១ ដែលមានទិសដៅចំងាយ ២៣១ ម៉ាយល៍ (៣៧២ គីឡូម៉ែត្រ) ភាគឦសាននៃទីក្រុងតូក្យូ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ដោយបានបង្កជាដង្ហក់រលកយក្សស៊ូណាមិ វិបត្តិនុយក្លេអ៊ែរ និងបានសម្លាប់ជីវិតមនុស្សប្រមាណ ២០,០០០ នាក់។ លោកស្រី Park បានលើកឡើងថា ក្រុមអ្នកបង្កើតគោលនយោបាយគួរតែយល់ដឹងអំពីប្រភពគ្រោះថ្នាក់រញ្ជួយដីទម្រង់ថ្មីដែលមិនធ្លាប់មានពីមុនមកនេះ។ មិនដូចការរញ្ជួយដីបន្ទាប់បន្សំ ដែលមិនអាចទស្សន៍ទាយបានច្បាស់លាស់នោះទេ រលកដែលធ្វើដំណើរទៅមកស្នូលផែនដីដែលមានចម្ងាយប្រហែល ៣,៦០០ ម៉ាយល៍ ត្រូវចំណាយពេលប្រហែល ១៥ នាទី។ នេះមានន័យថា វាជាព្រឹត្តិការណ៍ដែលអាចដឹងមុន និងអាចត្រៀមលក្ខណៈទប់ទល់បាន។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែថាមពលនៃរលករញ្ជួយដីនេះត្រូវបានបែងចែកទៅលើផ្ទៃដីដ៏ធំ វានឹងធ្វើឱ្យគេមានអារម្មណ៍ថាវាមិនសូវខ្លាំង ហើយក៏បង្កការខូចខាតតិចជាងការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រធម្មតា ដែលប្រមូលផ្តុំថាមពលតែក្នុងតំបន់តូចមួយនោះដែរ។ លោកស្រី Park បានបន្ថែមថា ប្រសិនបើមានការខូចខាតកើតឡើង វាពិតជាពិបាកក្នុងការបែងចែកថា តើវាជាការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីដំបូង ឬមកពីការរញ្ជួយដីបន្ទាប់បន្សំ។
ការប្រែប្រួលភូមិសាស្ត្រឆ្នាំ ២០១១ ដែលបង្កឡើងដោយរលករញ្ជួយដីផ្លាតចេញពីស្នូលផែនដីនេះ រួមមានការប៉ះទង្គិចគ្នារវាងផ្លាកតិចតូនិចប៉ាស៊ីហ្វិក និងផ្លាកអុកហុតស្ក៍ ព្រមទាំងព្រំប្រទល់រវាងផ្លាកសមុទ្រហ្វីលីពីន និងផ្លាកអឺរ៉ាស៊ី។ ផ្លាកតិចតូនិចទាំងនេះ គឺជាផ្ទាំងថ្មដ៏ធំសម្បើមនៃស្រទាប់ផែនដី ដែលតែងតែធ្វើចលនាយឺតៗ និងថេរ។ លោកស្រី Park បានបញ្ជាក់ថា ការរញ្ជួយដ៏ខ្លាំងក្លាពីការរញ្ជួយដីដំបូង អាចជាកាតាលីករជួយសម្រួលដល់ការធ្វើដំណើររបស់រលកដែលត្រឡប់មកពីស្នូលផែនដីវិញ ដែលធ្វើឱ្យសកម្មភាពនៃស្នាមប្រេះ ជុំវិញតំបន់រញ្ជួយដីដំបូងចាប់ផ្តើមឡើងវិញ និងជម្រុញឱ្យមានចលនានៅតាមបណ្តោយព្រំដែនផ្លាកតិចតូនិចដែលនៅឆ្ងាយៗថែមទៀត។
លោក Vedran Lekić សាស្ត្រាចារ្យផ្នែកភូគព្ភសាស្ត្រ បរិស្ថាន និងភពនៃសាកលវិទ្យាល័យម៉ារីឡែន បានលើកឡើងថា ប្រទេសជប៉ុនមានបណ្តាញស្ថានីយតាមដានការរញ្ជួយដី និងប្រព័ន្ធផ្កាយរណបដ៏ទំនើប និងធំធេង ដែលធ្វើឱ្យការកត់ត្រាព្រឹត្តិការណ៍ដ៏ស្មុគស្មាញបែបនេះអាចធ្វើទៅបាន។ ប៉ុន្តែលោកបានកត់សម្គាល់ថា បាតុភូតបែបនេះក៏អាចនឹងកើតឡើងនៅតំបន់ផ្សេងទៀតនៅលើពិភពលោកផងដែរ គ្រាន់តែតំបន់ទាំងនោះខ្វះខាតឧបករណ៍បច្ចេកវិទ្យា ទើបមិនអាចចងក្រងជាឯកសារបានច្បាស់លាស់។ តាមចំណេះដឹងរបស់លោក កន្លងមកមិនធ្លាប់មានចលនាដីឆ្លងកាត់ប្រព័ន្ធស្នាមប្រេះដ៏ធំ (ដូចជានៅក្រោមប្រទេសជប៉ុន) ណាគ្របដណ្តប់ដោយរលករញ្ជួយដីដែលលោតចេញពីស្នូលផែនដីឡើយ។
ទោះបីជាលោកស្រី Park និងក្រុមការងារបានពិចារណាលើការពន្យល់ផ្សេងទៀត ចំពោះការរំកិលខ្លួនទៅទិសខាងកើតរបស់ប្រទេសជប៉ុន (ដូចជាលទ្ធភាពនៃការបាក់ដីក្រោមបាតសមុទ្រ) ក៏ដោយ ប៉ុន្តែផលប៉ះពាល់ពីការបាក់ដីបែបនោះនឹងកើតឡើងតែក្នុងតំបន់តូចមួយប៉ុណ្ណោះ មិនធំធេងបែបនេះទេ។
លោកស្រី Amanda Thomas អ្នករូបវិទ្យាភូមិសាស្ត្រនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ដេវីស ដែលមិនបានចូលរួមក្នុងការស្រាវជ្រាវនេះ បានបង្ហាញការចាប់អារម្មណ៍ថា ប្រសិនបើការបកស្រាយទិន្នន័យនេះត្រឹមត្រូវ នោះការស្រាវជ្រាវនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក។ លោកស្រីបានសន្និដ្ឋានថា ផលប៉ះពាល់ដ៏ធំធេងនៃការសិក្សានេះ គឺវាបានបង្ហាញថា ការរញ្ជួយដីកម្រិតធំអាចបន្តជះឥទ្ធិពលដល់ប្រព័ន្ធស្នាមប្រេះផែនដីក្នុងរយៈពេលជាច្រើននាទីបន្ទាប់ពីការរញ្ជួយដីដំបូងបានបញ្ចប់ទៅ។ វាមិនមែនជះឥទ្ធិពលត្រឹមតែតាមរយៈរលករញ្ជួយដីផ្ទាល់ដីនោះទេ ប៉ុន្តែគឺតាមរយៈរលករញ្ជួយដីជម្រៅជ្រៅដែលឆ្លងកាត់ស្នូលផែនដី ហើយត្រឡប់មកវិញនៅពេលក្រោយ។ បច្ចុប្បន្ន យើងនៅតែមិនទាន់យល់ច្បាស់ទាំងស្រុងអំពីដំណើរការនៃស្នាមប្រេះផែនដីនៅឡើយទេ ហើយការសង្កេតបែបនេះ បានផ្តល់នូវបំណែកល្បែងផ្គុំរូបដ៏សំខាន់មួយទៀតដើម្បីជួយបំពេញបន្ថែមនូវចំណេះដឹងនេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ CNN