[ប៉េកាំង]៖ មួយសប្តាហ៍បន្ទាប់ពីមនុស្សយន្តរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដោយរត់លឿនជាងកំណត់ត្រាពិភពលោករបស់ Usain Bolt លោក Jack Guo កំពុងផ្តោតលើគោលដៅធំជាងនេះ គឺធ្វើឱ្យមនុស្សយន្តអាចប្រើប្រាស់បានក្នុងការងារពិតប្រាកដ។ មនុស្សយន្ត TianGong Ultra បានរត់ចម្ងាយ១០០ម៉ែត្រ ក្នុងពេលត្រឹម ៨,៦៤វិនាទី នៅការប្រកួត World Humanoid Robot Games ដែលលឿនជាងកំណត់ត្រាពិភពលោករបស់ Bolt ស្ទើរតែមួយវិនាទី។ នៅពីក្រោយជ័យជម្នះនេះ គឺការធ្វើតេស្ត និងកែសម្រួលជាច្រើនជុំ រួមទាំងការជួសជុលមនុស្សយន្តដែលរងការខូចខាតក្នុងអំឡុងការប្រកួត។

លោក Guo អាយុ៣៤ឆ្នាំ ដែលដឹកនាំការអភិវឌ្ឍម៉ូដែល Ultra និង Omni នៅមជ្ឈមណ្ឌល X-Humanoid ក្នុងទីក្រុងប៉េកាំង បាននិយាយថា គោលដៅរបស់ក្រុមគឺ «ប្រែក្លាយការសម្តែងខ្ពស់ ទៅជាភាពជឿជាក់ និងភាពអាចប្រើប្រាស់បានខ្ពស់»។ X-Humanoid ស្ថិតនៅតំបន់ Yizhuang ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងជាចង្កោមមនុស្សយន្តដ៏សំខាន់របស់ចិន។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រពីវិនិយោគិនរដ្ឋ និងឯកជន រួមទាំងក្រុមហ៊ុន UBTech, Xiaomi និង Baidu។ ក្រុមហ៊ុនអភិវឌ្ឍផ្នែករឹង ប្រព័ន្ធគ្រប់គ្រងចលនា និងបញ្ញាសិប្បនិម្មិត សម្រាប់វិស័យមនុស្សយន្ត។

ក្រៅពីការប្រកួតប្រជែង មនុស្សយន្តរបស់ X-Humanoid ក៏កំពុងត្រូវបានសាកល្បងក្នុងការងារឧស្សាហកម្ម។ នៅរោងចក្រម៉ាស៊ីន Foton Cummins ក្នុងទីក្រុងប៉េកាំង មនុស្សយន្ត Tianyi 2.0 ត្រូវបានសាកល្បងលើកប្រអប់ទម្ងន់ប្រហែល៨–១២គីឡូក្រាម ដើម្បីដាក់លើធ្នើ។ លោក Guo បានប្រៀបធៀបការអភិវឌ្ឍមនុស្សយន្តបច្ចុប្បន្នទៅនឹងការអភិវឌ្ឍរថយន្តនៅដំណាក់កាលដំបូង។ ជំហានដំបូង គឺធ្វើឱ្យមនុស្សយន្តអាចផ្លាស់ទីបានដោយមានស្ថិរភាព បន្ទាប់មកទើបបញ្ចូល «ខួរក្បាល» AI ដែលអាចដោះស្រាយកិច្ចការស្មុគស្មាញដោយខ្លួនឯង។

បញ្ហាប្រឈមសំខាន់មួយនៅពេលនេះ គឺធ្វើឱ្យរាងកាយ និងប្រព័ន្ធគ្រប់គ្រងចលនារបស់មនុស្សយន្តមានស្ថិរភាព និងអាចទុកចិត្តបានសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ក្រុមហ៊ុនរំពឹងថា មនុស្សយន្តតូចៗដូចជា Omni អាចចាប់ផ្តើមនៅក្នុងវិស័យសេវាកម្ម និងឧស្សាហកម្មធុនស្រាល ខណៈ Ultra អាចត្រូវបានប្រើសម្រាប់ការត្រួតពិនិត្យ ឬការងារសង្គ្រោះបន្ទាន់នៅពេលអនាគត។

ទោះជាយ៉ាងណា ការរត់ក្នុងល្បឿនលឿនក៏បង្ហាញពីបញ្ហាសុវត្ថិភាព។ Ultra មានទម្ងន់៧៥គីឡូក្រាម ហើយអាចរត់លឿនជាង១៧ម៉ែត្រក្នុងមួយវិនាទី។ ក្នុងការប្រកួត មនុស្សយន្តមួយចំនួនបានបាត់បង់តុល្យភាព និងបុករបាំង ដែលបង្ខំឱ្យក្រុមវិស្វករប្រើម៉ាស៊ីនបម្រុង និងជួសជុលម៉ាស៊ីនដែលខូច។

ក្នុងការប្រកួត Ultra បានកែលម្អពេលវេលារបស់ខ្លួនជាបន្តបន្ទាប់ ពី ៩,៣៩វិនាទីក្នុងវគ្គបឋម ទៅ៨,៨៦វិនាទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង៨,៦៤វិនាទីក្នុងវគ្គផ្តាច់ព្រ័ត្រ។ វិស្វករបានធ្វើការកែសម្រួលកម្មវិធី និងប្រព័ន្ធគ្រប់គ្រងចលនាស្ទើរតែពេញមួយយប់ ដើម្បីបង្កើនល្បឿន និងស្ថិរភាព។

លោក Guo បានបង្ហាញថា ជ័យជម្នះនេះមិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាជំហានមួយទៅរកគោលដៅធំជាងនេះ។ បន្ទាប់ពីការប្រណាំង លោកអាចនិយាយដោយធូរចិត្តថា «ទីបំផុត ខ្ញុំអាចគេងលក់ស្រួលនៅពេលយប់» ប៉ុន្តែសម្រាប់ក្រុមវិស្វករ ការងារដ៏ធំបំផុតគឺធ្វើឱ្យមនុស្សយន្តអាចធ្វើការបានពិតប្រាកដនៅក្នុងពិភពលោក។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters