ម៉ានីល៖ ឆ្មាំសមុទ្រហ្វីលីពីន (PCG) កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា បានចោទប្រកាន់ចិនថា បានរារាំងបេសកកម្មផ្គត់ផ្គង់ឡើងវិញដល់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើនាវាចម្បាំងចាស់សម័យសង្គ្រាមលោកលើកទី២ នៅតំបន់ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង។
PCG បាននិយាយថា នាវារបស់ឆ្មាំសមុទ្រចិនបានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ ដែលធ្វើឱ្យបុគ្គលិកហ្វីលីពីនប្រឈមនឹងហានិភ័យ និងរារាំងមិនឱ្យបេសកកម្មផ្គត់ផ្គង់អាចបញ្ចប់ទៅតាមផែនការ។
លោក Jay Tarriela អ្នកនាំពាក្យ PCG ទទួលបន្ទុកបញ្ហាសមុទ្រចិនខាងត្បូង បាននិយាយថា មិនមានការប៉ះទង្គិចគ្នា ឬអ្នករងរបួសក្នុងហេតុការណ៍នេះទេ ប៉ុន្តែសកម្មភាពរបស់ឆ្មាំសមុទ្រចិនបានបង្កើតហានិភ័យនៃការប៉ះទង្គិចគ្នា។ PCG បានឱ្យដឹងថា ឆ្មាំសមុទ្រចិន និងកងទ័ពជើងទឹករំដោះប្រជាជនចិន បានរារាំងអ្វីដែលហ្វីលីពីនចាត់ទុកថាជាប្រតិបត្តិការមនុស្សធម៌ និងការផ្គត់ផ្គង់ស្របច្បាប់ទៅកាន់ Second Thomas Shoal កាលពីថ្ងៃព្រហស្បតិ៍។

ភាគីហ្វីលីពីនបានចោទថា សកម្មភាពរបស់ចិនមិនស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់មជ្ឈត្តកម្មអន្តរជាតិកាលពីឆ្នាំ២០១៦ ដែលបានច្រានចោលការទាមទារដែនសមុទ្រដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។
ទីក្រុងម៉ានីលបានអំពាវនាវឱ្យចិនបញ្ឈប់ការជ្រៀតជ្រែកក្នុងបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីន និងបានបញ្ជាក់ថា ខ្លួននឹងបន្តប្រតិបត្តិការដែលខ្លួនចាត់ទុកថាស្របច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងអនុវត្តសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួននៅក្នុងតំបន់នេះ។ ជាការឆ្លើយតប អ្នកនាំពាក្យឆ្មាំសមុទ្រចិន លោក Jiang Lue បាននិយាយថា ភាគីហ្វីលីពីនបានព្រងើយកន្តើយនឹងការព្រមានរបស់ទីក្រុងប៉េកាំង ដោយបន្តបញ្ជូននាវាផ្គត់ផ្គង់ទៅកាន់នាវាចម្បាំងដែលហ្វីលីពីនដាក់ឱ្យនៅទីនោះ។ លោកបានអះអាងថា សកម្មភាពនេះបាននាំឱ្យភាគីចិនធ្វើការត្រួតពិនិត្យនៅនឹងកន្លែង និងចេញការព្រមានតាមមធ្យោបាយការទូត។
ក្នុងឆ្នាំ២០២៤ ទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានឈានដល់ការរៀបចំបណ្តោះអាសន្នមួយ ស្តីពីបេសកកម្មផ្គត់ផ្គង់ទៅកាន់ Second Thomas Shoal។ ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ការរៀបចំនេះបានជួយកាត់បន្ថយការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ។ ទោះជាយ៉ាងណា ភាពតានតឹងនៅតែបន្តកើតមាន។
កាលពីខែកក្កដា ទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានប្រើកាណុងទឹកបាញ់ទៅលើនាវារដ្ឋាភិបាលហ្វីលីពីននៅជិត Scarborough Shoal និងបានវាយបុគ្គលិកកងទ័ពជើងទឹកហ្វីលីពីនម្នាក់ដោយដំបងឈើ ក្នុងហេតុការណ៍ដាច់ដោយឡែកមួយនៅក្បែរ Second Thomas Shoal។ ភាពប្រឈមមុខគ្នាជាបន្តបន្ទាប់រវាងនាវារបស់ប្រទេសទាំងពីរនៅតំបន់ជម្លោះនេះ បានបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃការប៉ះទង្គិចកាន់តែធ្ងន់ធ្ងរ និងបន្តធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងមានភាពតានតឹង។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters