មីយ៉ាន់ម៉ា៖ ទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់ ខណៈមនុស្សប្រមាណ ២០ ទៅ ៣០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ នេះបើតាមការឱ្យដឹងពីបុគ្គលិកសង្គ្រោះក្នុងតំបន់កាលពីថ្ងៃចន្ទ។ តំបន់តានីនថារី (Tanintharyi) ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេសមីយ៉ាន់ម៉ា បានរងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីយប់ថ្ងៃសុក្រ ដោយស្ថានភាពអាកាសធាតុធ្ងន់ធ្ងរដូចគ្នានេះ ក៏បានប៉ះពាល់ដល់ប្រទេសថៃជិតខាង និងបង្កទឹកជំនន់នៅទីក្រុងបាងកក កាលពីចុងសប្តាហ៍ផងដែរ។

លោក Hein Htet សមាជិកក្រុមអ្នកស្ម័គ្រចិត្ត People’s Administration Team បាននិយាយថា ក្រុមសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន ៨នាក់ នៅក្នុងទីប្រជុំជន Launglon នៃតំបន់ Tanintharyi ខណៈមនុស្សប្រមាណ ២០ ទៅ ៣០នាក់នៅតែបាត់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់ មានក្មេងជំទង់ ៣នាក់ ដែលបានប្រមូលផ្តុំគ្នានៅវត្តអារាមមួយក្នុងតំបន់កាលពីថ្ងៃអាទិត្យ ប៉ុន្តែការបាក់ដីបានបោកបក់ចូលភូមិរបស់ពួកគេ និងកប់អគារចំនួន ១៨ខ្នង។

លោក Hein Htet បានបញ្ជាក់ថា តំបន់មួយចំនួននៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយប្រជាជននៅតាមភូមិមួយចំនួនត្រូវការជំនួយជាបន្ទាន់។ រហូតមកដល់ពេលនេះ អាជ្ញាធរមីយ៉ាន់ម៉ាមិនទាន់បានបញ្ចេញតួលេខអ្នកស្លាប់ និងបាត់ខ្លួនជាផ្លូវការនៅឡើយទេ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងវាយតម្លៃទំហំនៃគ្រោះមហន្តរាយ ក៏ប្រឈមនឹងឧបសគ្គដោយសារសង្គ្រាមស៊ីវិលដែលកំពុងបន្តនៅក្នុងប្រទេស។

លោក Hein Htet បាននិយាយថា ក្រុមសង្គ្រោះកំពុងប្រឈមនឹងការខ្វះខាតធនធាន ខណៈគ្រោះមហន្តរាយកំពុងកើតឡើងនៅក្នុងតំបន់ដែលមានជម្លោះ។ លោក Myo Min ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Dawei Zabuthiri Emergency Medical Service បានឱ្យដឹងថា ភូមិមួយចំនួនអាចចូលទៅដល់បានតែតាមការដើរថ្មើរជើងប៉ុណ្ណោះ។ ក្រុមសង្គ្រោះបានរកឃើញប្រជាពលរដ្ឋរាប់រយនាក់ ដែលត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេទៅកាន់ទីជម្រកនៅតាមវត្តអារាម។

លោក Myo Min បានប្រាប់ AFP តាមទូរស័ព្ទថា ក្រុមសង្គ្រោះមិនទាន់អាចគ្រប់គ្រង និងចូលទៅដល់តំបន់រងគ្រោះទាំងអស់បាននៅឡើយទេ។ លោករំពឹងថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ប្រមាណ ៧ ទៅ ១០នាក់ ខណៈអ្នកបាត់ខ្លួនអាចមានចន្លោះពី ២០ ទៅ ៣០នាក់។

យោងតាមអង្គការមិនរកប្រាក់ចំណេញ Germanwatch មីយ៉ាន់ម៉ា ដែលមានប្រជាជនប្រមាណ ៥១លាននាក់ ស្ថិតក្នុងចំណោមប្រទេសទាំង ១០ ដែលងាយរងគ្រោះខ្លាំងបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រទេសនេះក៏កំពុងប្រឈមនឹងការកាត់បន្ថយជំនួយមនុស្សធម៌យ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកាត់បន្ថយថវិកាសម្រាប់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក។ នៅប្រទេសថៃជិតខាង ទីក្រុងបាងកកក៏បានប្រកាសតំបន់រងគ្រោះដោយទឹកជំនន់កាលពីចុងសប្តាហ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជិត ៤៨ម៉ោង បានបង្កឱ្យផ្ទះសម្បែង ហាងទំនិញ និងផ្លូវថ្នល់ជាច្រើនកន្លែងត្រូវបានជន់លិច។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ RNZ