ម៉ាឌ្រីដ៖ មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់នៅតំបន់កាតាឡូនៀ ភាគឦសានប្រទេសអេស្ប៉ាញ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ មេដឹកនាំតំបន់កាតាឡូនៀ លោក Salvador Illa បានបញ្ជាក់ពីការស្លាប់របស់បុរសម្នាក់ បន្ទាប់ពីជញ្ជាំងមួយបានបាក់នៅទីក្រុង Tordera ភាគខាងជើងទីក្រុង Barcelona។
_1791168661.jpg)
ដោយឡែក អ្នកពន្លត់អគ្គិភ័យបានឱ្យដឹងថា មនុស្សម្នាក់ទៀតបានស្លាប់នៅតំបន់ Montornès del Vallès ខណៈក្រុមសង្គ្រោះបន្ទាន់កំពុងស្វែងរកមនុស្សម្នាក់ដែលបានបាត់ខ្លួននៅទីក្រុង Pineda de Mar ដែលស្ថិតនៅចម្ងាយប្រមាណ៥២គីឡូម៉ែត្រភាគខាងជើងទីក្រុង Barcelona។
អាជ្ញាធរ Barcelona បានចេញការព្រមានកម្រិតក្រហម និងជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ចាប់ពីយប់ថ្ងៃសៅរ៍ រហូតដល់រសៀលថ្ងៃអាទិត្យ ដោយសារការព្យាករណ៍ថា ប្រព័ន្ធអាកាសធាតុខ្លាំងអាចនាំមកនូវភ្លៀងធ្លាក់កាន់តែច្រើននៅតំបន់ភាគឦសានប្រទេស។
ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យផ្ទះជាច្រើនខ្នងជន់លិច និងរថយន្តមួយចំនួនត្រូវបានលិចទឹកនៅតំបន់ Bellvitge និង Cornellà ក្បែរទីក្រុង Barcelona។ ទឹកជំនន់ក៏បានបង្កើតជាស្រទាប់ភក់ធំៗនៅតាមដងផ្លូវមួយចំនួនក្នុងទីក្រុង។ លោក Sarroca មន្ត្រីជាន់ខ្ពស់នៃសេវាកម្មអាកាសធាតុតំបន់ Meteocat បាននិយាយថា ស្នូលនៃប្រព័ន្ធអាកាសធាតុដ៏ខ្លាំងនេះស្ថិតនៅលើសមុទ្រមេឌីទែរ៉ាណេ ហើយអាចផ្លាស់ទីចូលដីគោកតំបន់កាតាឡូនៀ។
ដោយសារស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ជើងហោះហើរមួយចំនួននៅអាកាសយានដ្ឋាន Barcelona ត្រូវបានលុបចោល ឬពន្យារពេល។ សេវារថភ្លើងក្នុងស្រុកក៏ត្រូវបានរំខានដោយសារទឹកជំនន់ផងដែរ។ ហាងមួយចំនួនត្រូវបានបិទមុនម៉ោងកំណត់ ខណៈការប្រកួតកីឡាបាល់ទាត់មួយចំនួនត្រូវបានផ្អាក។ ល្ខោន Liceu នៅទីក្រុង Barcelona ក៏បានលុបចោលការសម្តែងល្ខោនអូប៉េរ៉ា Aida របស់អ្នកនិពន្ធ Verdi ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល។ អាជ្ញាធរបានបន្តតាមដានស្ថានភាពអាកាសធាតុ និងអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ខណៈហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់មួយចំនួននៅតែបន្ត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters