ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធដែលមានតម្លៃសរុបប្រមាណ ២,២៧ ពាន់លានដុល្លារ ទៅឱ្យប្រទេសអេហ្ស៊ីប គុយវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។ ការលក់នេះរួមមានមីស៊ីល ប្រព័ន្ធការពារជាតិ និងឧបករណ៍យោធាពាក់ព័ន្ធផ្សេងៗ។
ក្នុងចំណោមកិច្ចព្រមព្រៀងទាំងបី ការលក់មានតម្លៃខ្ពស់ជាងគេ គឺទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ដែលមានតម្លៃប៉ាន់ប្រមាណ ១,០៤១ ពាន់លានដុល្លារ។ កញ្ចប់នេះរួមមានផ្នែកណែនាំសម្រាប់ប្រព័ន្ធអាវុធ Advanced Precision Kill Weapon System-II និងឧបករណ៍ពាក់ព័ន្ធ។ តាមក្រសួងការបរទេសអាមេរិក ប្រព័ន្ធផ្នែកណែនាំនេះអាចត្រូវបានកំណត់រចនាសម្ព័ន្ធសម្រាប់ការប្រើប្រាស់ក្នុងបេសកកម្មពីអាកាសទៅអាកាស និងពីអាកាសទៅដី។

ចំពោះប្រទេសអេហ្ស៊ីប អាមេរិកបានអនុម័តការលក់ប្រព័ន្ធមីស៊ីល Javelin ដែលមានតម្លៃប៉ាន់ប្រមាណ ៨៣២ លានដុល្លារ។ តាមសេចក្តីជូនដំណឹង ទីក្រុងគែរបានស្នើសុំទិញមីស៊ីល Javelin FGM-148F ចំនួន ២,០២០ គ្រាប់ រួមទាំងមីស៊ីលសម្រាប់បាញ់សាកល្បងចំនួន ២០ គ្រាប់ និងឧបករណ៍បញ្ជាបាញ់ Javelin Lightweight Command Launch Unit ចំនួន ២០០ គ្រឿង។
សម្រាប់ប្រទេសគុយវ៉ែត ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់ដែលមានតម្លៃប្រមាណ ៤០០ លានដុល្លារ សម្រាប់សេវាកម្មជួសជុល និងប្រគល់មីស៊ីល Patriot ព្រមទាំងបរិក្ខារពាក់ព័ន្ធ។ ការអនុម័តការលក់អាវុធទាំងនេះកើតឡើង ខណៈតំបន់មជ្ឈិមបូព៌ាកំពុងប្រឈមនឹងភាពតានតឹងផ្នែកសន្តិសុខខ្ពស់ បន្ទាប់ពីសង្គ្រាមរវាងអ៊ីរ៉ង់ និងកម្លាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានធ្វើការវាយប្រហារឆ្លើយតបទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសបារ៉ែន កាតា អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។

កាលពីខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលបានកំណត់ជំហានបន្ទាន់សម្រាប់ស្តារសេរីភាពនាវាចរណ៍តាមច្រកសមុទ្រ Hormuz និងដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ យ៉ាងណាក្តី កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះបានផុតកំណត់នៅខែសីហា ដោយមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយបាននៅឡើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Daily Sabah