ទីក្រុងសេអ៊ូល ៖នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានសម្ងាត់រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ហើយទីក្រុងសេអ៊ូលមិនទាន់បានដោះស្រាយតាមការរំពឹងទុករបស់សហរដ្ឋអាមេរិកទាំងស្រុងនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់( Yonhap )ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ។

A person standing at a podium

Description automatically generatedលោកស្រី កាង គ្យុងហ្វា( Kang Kyung-wha )ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានប្រាប់កិច្ចប្រជុំសវនកម្មរបស់សភាកូរ៉េខាងត្បូង នៅទីក្រុងវ៉ាស៊ីនតោនថា ការចែករំលែកព័ត៌មានសម្ងាត់ គឺជាបញ្ហាដែលពិបាកដោះស្រាយបំផុតក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកស្រី Kang បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីមធ្យោបាយដើម្បីធានាសិទ្ធិរបស់កូរ៉េខាងត្បូងក្នុងការបង្កើនកំហាប់អ៊ុយរ៉ាញ៉ូម និងកែច្នៃឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួចឡើងវិញ។ មធ្យោបាយទាំងនេះអាចធ្វើឡើងតាមរយៈការកែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលរវាងប្រទេសទាំងពីរ ឬការរៀបចំកិច្ចព្រមព្រៀងបន្ថែម។

លោកស្រី Kang បាននិយាយថា មិនទាន់មានវឌ្ឍនភាពណាមួយឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅឡើយទេ ទោះបីជាលោក Trump បានបង្ហាញជំហរថា លោកបើកចំហចំពោះការសន្ទនាក៏ដោយ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ​លី ជេម្យុង( Lee Jae Myung) បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា កូរ៉េខាងត្បូងគួរជៀសវាឥរិយាបថចុះចូល ឬចុះញ៉មក្នុងទំនាក់ទំនងជាមួយប្រទេសដទៃ។

លោក Lee បានចាត់ទុកសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកថា ជាសសរស្តម្ភដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់កូរ៉េខាងត្បូង ដែលគួរតែត្រូវបានពង្រឹង និងអភិវឌ្ឍបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកបានបន្ថែមថា ភាពខុសគ្នារវាងប្រទេសនានាគឺជារឿងដែលមិនអាចជៀសផុតបាន ហើយគួរតែត្រូវបានគ្រប់គ្រងតាមរយៈការពិភាក្សា និងការសម្របសម្រួលគ្នា។

ប្រែសម្រួលដោយ៖សូលីដា

ប្រភព៖ reuters