(រុស្ស៊ី)៖ ប្រទេសរុស្ស៊ីជិតបញ្ចប់ការសាងសង់មូលដ្ឋានដ៏ធំមួយសម្រាប់បាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅតំបន់ Rostov ក្បែរព្រំដែនអ៊ុយក្រែន ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងរយៈពេលត្រឹមតែ៦សប្តាហ៍ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការវិភាគរូបភាពផ្កាយរណប និងការវាយតម្លៃរបស់អ្នកជំនាញផ្នែកការពារជាតិ។

រូបភាពផ្កាយរណបពីក្រុមហ៊ុន Planet Labs និង Airbus បង្ហាញថា ទីតាំងដែលនៅទំនេរកាលពីថ្ងៃទី៣១ ខែសីហា បានប្រែក្លាយជាមូលដ្ឋានដ្រូនដ៏ធំមួយនៅពាក់កណ្តាលខែតុលា ដោយមានផ្ទៃដីស្មើនឹងទីលានបាល់ទាត់ប្រមាណ១២៦។ ការសាងសង់នេះកើតឡើងស្របពេលដែលរុស្ស៊ីកំពុងបង្កើនការប្រើប្រាស់ដ្រូនក្នុងប្រតិបត្តិការវាយប្រហារលើអ៊ុយក្រែន។

លោក Mike Monnik ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនស៊ើបការណ៍ដ្រូន DroneSec បានវាយតម្លៃថា មូលដ្ឋានថ្មីនេះអាចត្រូវបានប្រើសម្រាប់បាញ់បង្ហោះដ្រូនប្រភេទ Geran-4 និង Geran-5។ តាមការវិភាគរបស់លោក មានវេទិកាបាញ់បង្ហោះចំនួន៨ ដែលបំពាក់ដោយផ្លូវដែក ត្រូវបានសាងសង់នៅផ្នែកខាងលិចនៃទីតាំងនេះ។

លោក Monnik បានបន្ថែមថា មូលដ្ឋាននេះហាក់ដូចជាជិតរួចរាល់ហើយ ហើយអាចចាប់ផ្តើមដំណើរការពេញលេញក្នុងរយៈពេលពីរបីសប្តាហ៍ ឬឆាប់ជាងនេះ។ លោកក៏បានប៉ាន់ប្រមាណថា ទីតាំងនេះអាចមានសមត្ថភាពគាំទ្រការបាញ់បង្ហោះដ្រូនដែលប្រើម៉ាស៊ីនយន្តហោះចំនួន១០០គ្រឿង ឬច្រើនជាងនេះក្នុងរយៈពេល២៤ម៉ោង ប៉ុន្តែសមត្ថភាពជាក់ស្តែងនឹងអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការប្រតិបត្តិការ។

ចំណែកលោក Rob Jordan នាយកកម្មវិធីនៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខ RUSI ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានកត់សម្គាល់ថា វេទិកាបេតុង និងផ្លូវដែកបាញ់បង្ហោះដែលមើលឃើញក្នុងរូបភាពផ្កាយរណប មានលក្ខណៈស្រដៀងនឹងហេដ្ឋារចនាសម្ព័ន្ធដែលរុស្ស៊ីប្រើសម្រាប់ដ្រូនប្រភេទ Geran។ ការវិភាគរបស់ Reuters បានរកឃើញថា ផ្លូវដែកបាញ់បង្ហោះត្រូវបានដំឡើងរួចហើយនៅលើវេទិកាចំនួន២ ក្នុងចំណោមវេទិកាទាំង៨ ហើយផ្លូវដែកក៏ត្រូវបានដំឡើងនៅទីតាំងបន្ថែមចំនួន២ទៀតផងដែរ។ សកម្មភាពសាងសង់ផ្សេងៗក៏នៅតែបន្ត ដូចដែលបង្ហាញក្នុងរូបភាពផ្កាយរណបដែលថតបានក្នុងរយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ។

មូលដ្ឋានដ្រូនថ្មីនេះមានផ្ទៃដីប្រមាណ០,៩គីឡូម៉ែត្រការ៉េ និងស្ថិតនៅចម្ងាយប្រហែល៣,៥គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាស Millerovo របស់រុស្ស៊ី ដែលជាមូលដ្ឋានរបស់កងវរសេនាធំអាកាសចម្បាំងលេខ៣១។ តាមការវាយតម្លៃរបស់ DroneSec មូលដ្ឋានថ្មីនេះអាចទទួលបានការការពារដែនអាកាសពីមូលដ្ឋានទ័ពអាកាសក្បែរនោះ ដែលអាចធ្វើឱ្យអ៊ុយក្រែនជួបការលំបាកកាន់តែខ្លាំងក្នុងការវាយប្រហារលើទីតាំងនេះ។ យោងតាម Reuters ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយអំពីមូលដ្ឋានថ្មីនេះ ឬកម្មវិធីដ្រូនរបស់ប្រទេសឡើយ។

ការអភិវឌ្ឍមូលដ្ឋានថ្មីនេះកើតឡើងក្នុងពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្តមានការវាយប្រហារតាមអាកាស និងប្រើប្រាស់អាវុធចម្ងាយឆ្ងាយ។ កន្លងមក សារព័ត៌មាន Ukrinform ក៏បានរាយការណ៍ថា កងទ័ពជើងទឹកអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Neptune វាយប្រហារលើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក Su-34M ចំនួន៦គ្រឿង នៅមូលដ្ឋានអាកាសយោធា Borisoglebsk ក្នុងតំបន់ Voronezh របស់រុស្ស៊ី។ ទោះជាយ៉ាងណា សមត្ថភាពពិតប្រាកដ និងពេលវេលាដែលមូលដ្ឋានដ្រូនថ្មីរបស់រុស្ស៊ីនឹងចាប់ផ្តើមដំណើរការពេញលេញ នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Ukrinform