[ឌីលី]៖ ប្រទេសទីម័រខាងកើតបានចាប់ផ្តើមបិទសាលារៀនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ដោយសារផ្សែងអ័ព្ទក្រាស់ដែលបានរសាត់ចេញពីភ្លើងឆេះព្រៃនៅប្រទេសជិតខាងឥណ្ឌូនេស៊ី បង្កឱ្យមានការបំពុលបរិយាកាស និងប៉ះពាល់ដល់សុខភាពសាធារណៈ។ នៅរដ្ឋធានីឌីលី ប្រជាពលរដ្ឋនៅតែចេញទៅក្រៅតាមធម្មតា ប៉ុន្តែមេឃមានពណ៌លឿងស្រអាប់ ហើយមនុស្សជាច្រើនបានពាក់ម៉ាស់តាមការណែនាំរបស់រដ្ឋាភិបាល។ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តបិទសាលារៀន ដោយសារការបំពុលខ្យល់កាន់តែធ្ងន់ធ្ងរឡើងចាប់តាំងពីដើមសប្តាហ៍។
អ្នកស្រី Sonya da Costa Soares អាយុ៣០ឆ្នាំ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការបំពុលបរិយាកាសនៅទីក្រុងឌីលីមានសភាពធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់មិនអាចមើលឃើញព្រះអាទិត្យបាន។ អ្នកស្រីបានចាត់ទុកការរក្សាកុមារឱ្យនៅផ្ទះថា ជាវិធានការសំខាន់មួយដើម្បីការពារសុខភាពរបស់ពួកគេ។

រដ្ឋាភិបាលទីម័រខាងកើតបានប្រកាសកាលពីថ្ងៃពុធថា ការបិទសាលារៀនគឺជាការចាំបាច់ ដើម្បីការពារសុខភាពសិស្ស គ្រូបង្រៀន និងសមាជិកដទៃទៀតនៃសហគមន៍អប់រំ ខណៈគុណភាពខ្យល់កំពុងស្ថិតក្នុងស្ថានភាពមិនល្អ។ រដ្ឋាភិបាលក៏បានអំពាវនាវឱ្យគ្រួសាររក្សាកុមារឱ្យនៅក្នុងផ្ទះ និងណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស់នៅពេលចេញក្រៅផងដែរ។
ផ្សែងអ័ព្ទនេះមានប្រភពពីភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី ដែលតែងតែកើតឡើងក្នុងរដូវប្រាំង។ នៅឆ្នាំនេះ ភ្លើងឆេះព្រៃបានរាលដាលកាន់តែខ្លាំង ដោយសារបាតុភូតអាកាសធាតុ អែល នីណូ (El Niño) បង្កឱ្យមានគ្រោះរាំងស្ងួត។ ភ្លើងបានបំផ្លាញព្រៃឈើ និងចម្ការរាប់សែនហិកតានៅកោះស៊ូម៉ាត្រា កោះប័រណេអូ និងកោះប៉ាពួ ព្រមទាំងបង្កការបំពុលខ្យល់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសជិតខាងមួយចំនួន រួមមាន ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងទីម័រខាងកើត។

ទោះបីសាលារៀនត្រូវបានបិទជាបណ្តោះអាសន្នក៏ដោយ ក៏សិស្សមួយចំនួននៅតែបន្តការសិក្សាពីផ្ទះ ដើម្បីត្រៀមប្រឡង។ លោក Vitaliano da Costa Calapes សិស្សអាយុ១៨ឆ្នាំ នៅមហាវិទ្យាល័យ St. Ignatius Loyola បាននិយាយថា លោកកំពុងបន្តរៀននៅផ្ទះ ខណៈត្រៀមខ្លួនសម្រាប់ការប្រឡងចុងក្រោយ ហើយសង្ឃឹមថា គុណភាពខ្យល់នឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យសាលារៀនអាចបើកដំណើរការជាធម្មតាឡើងវិញ។
ចំណែកសិស្សស្រីម្នាក់ទៀតបានលើកឡើងថា ផ្សែងពីភ្លើងឆេះព្រៃហាក់ដូចជាគ្របដណ្តប់លើទីក្រុងឌីលី និងតំបន់ភ្នំជុំវិញទាំងមូល។ នាងបានព្រមានថា ការបំពុលនេះអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងធ្វើឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺ។ ការបិទសាលារៀនជាបណ្តោះអាសន្ននេះ គឺជាវិធានការបង្ការដើម្បីកាត់បន្ថយការប៉ះពាល់របស់សិស្ស និងគ្រូបង្រៀនទៅនឹងផ្សែងពុល ខណៈប្រជាពលរដ្ឋកំពុងរង់ចាំឱ្យស្ថានភាពគុណភាពខ្យល់មានភាពប្រសើរឡើងវិញ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ The Star