ក្រុមតារាវិទូបានប្រកាសពីការរកឃើញបេក្ខភាពភពតឿថ្មីមួយ ដែលមានឈ្មោះបណ្ដោះអាសន្នថា ED138 ស្ថិតនៅតំបន់ខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ និងមានគន្លងគោចរឆ្ងាយហួសពីភពភ្លុយតូ។ ប្រសិនបើការរកឃើញនេះត្រូវបានបញ្ជាក់ជាផ្លូវការ វាអាចក្លាយជាភពតឿទី៦ ដែលត្រូវបានទទួលស្គាល់ក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពី Ceres, Pluto, Haumea, Makemake និង Eris។

ការរកឃើញនេះធ្វើឡើងតាមរយៈទិន្នន័យពីមន្ទីរសង្កេតតារាសាស្ត្រ Vera C. Rubin នៅប្រទេសឈីលី ដែលបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០២៥។ មន្ទីរសង្កេតតារាសាស្ត្រនេះមានសមត្ថភាពស្ទង់មើលផ្ទៃមេឃជាប្រចាំរៀងរាល់៣ថ្ងៃម្តង ដែលជួយឱ្យអ្នកវិទ្យាសាស្ត្រអាចរកឃើញវត្ថុអវកាសដែលមានពន្លឺខ្សោយ និងស្ថិតនៅចម្ងាយឆ្ងាយៗបានកាន់តែច្រើន។

លោក Matthew Holman ជាអ្នកស្រាវជ្រាវម្នាក់ បានកំណត់អត្តសញ្ញាណបេក្ខភាពវត្ថុអវកាសនេះក្នុងទិន្នន័យដំបូងៗនៃឆ្នាំ២០២៦។ បន្ទាប់មក លោក Mario Juri បានរកឃើញរូបភាពសង្កេតចំនួន២០ ដែលបង្ហាញពីទីតាំងរបស់វត្ថុនេះចាប់តាំងពីខែមីនា ឆ្នាំ២០២៦ និងបានប្រើទិន្នន័យទាំងនោះដើម្បីគណនាគន្លងគោចររបស់វាក្នុងរយៈពេលប្រហែល១០ឆ្នាំ។

តាមការប៉ាន់ស្មាន ED138 មានអង្កត់ផ្ចិតចន្លោះពី៦០០ ទៅ១.៥០០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល៤៦ឯកតាតារាសាស្ត្រ (AU) ពីព្រះអាទិត្យ។ ឯកតាតារាសាស្ត្រមួយស្មើនឹងចម្ងាយជាមធ្យមរវាងផែនដីនិងព្រះអាទិត្យ។ ចម្ងាយនេះធ្វើឱ្យវាស្ថិតនៅឆ្ងាយជាងភពភ្លុយតូ ហើយត្រូវបានចាត់ទុកថាជាវត្ថុអវកាសនៅតំបន់ខាងក្រៅគន្លងភពណិបទូន។

អ្នកវិទ្យាសាស្ត្របានលើកឡើងថា មូលហេតុដែល ED138 មិនត្រូវបានរកឃើញពីមុន គឺដោយសារតែវាស្ថិតនៅតំបន់មេឃក្នុងអឌ្ឍគោលខាងត្បូង និងនៅជិតប្លង់កាឡាក់ស៊ីមីលគីវ៉េ ដែលមានផ្កាយច្រើន។ កត្តាទាំងនេះធ្វើឱ្យការសង្កេតវត្ថុអវកាសដែលមានពន្លឺខ្សោយកាន់តែពិបាក។ លើសពីនេះ វាមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ ហើយត្រូវការឧបករណ៍តារាសាស្ត្រដែលមានសមត្ថភាពខ្ពស់ដើម្បីស្វែងរកវា។

អ្នកជំនាញតារាសាស្ត្រ Megan Schwamb និង Michele Bannister បានសម្ដែងការកោតសរសើរចំពោះសមត្ថភាពរបស់មន្ទីរសង្កេតតារាសាស្ត្រ Vera C. Rubin ដែលអាចជួយបើកផ្លូវឱ្យមានការរកឃើញវត្ថុអវកាសថ្មីៗនៅតំបន់ឆ្ងាយៗនៃប្រព័ន្ធព្រះអាទិត្យ។ ការរកឃើញនេះក៏បង្ហាញពីសក្តានុពលនៃការស្ទង់មេឃជាប្រចាំក្នុងការប្រមូលទិន្នន័យ និងតាមដានចលនារបស់វត្ថុអវកាសដែលមនុស្សមិនទាន់បានស្គាល់។ ទោះជាយ៉ាងណា ED138 នៅមិនទាន់ត្រូវបានទទួលស្គាល់ជាភពតឿជាផ្លូវការនៅឡើយទេ។ ប្រសិនបើការសិក្សាបន្ថែមបញ្ជាក់ថា វាបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ វានឹងទទួលបានលេខសម្គាល់អចិន្ត្រៃយ៍ ហើយអាចត្រូវបានដាក់ឈ្មោះជាផ្លូវការនៅពេលក្រោយ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០០៦ សហភាពតារាសាស្ត្រអន្តរជាតិ (IAU) បានកំណត់និយមន័យថ្មីសម្រាប់ភព និងបានចាត់ថ្នាក់ភពភ្លុយតូឡើងវិញទៅជាភពតឿ ដោយសារវាមិនបានបោសសម្អាតវត្ថុអវកាសផ្សេងៗនៅក្នុងគន្លងរបស់ខ្លួន។ ដូច្នេះ ការរកឃើញបេក្ខភាព ED138 អាចជួយពង្រីកការយល់ដឹងរបស់មនុស្សអំពីចំនួន និងលក្ខណៈរបស់វត្ថុអវកាសនៅតំបន់ដ៏ឆ្ងាយនៃប្រព័ន្ធព្រះអាទិត្យ។ 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN