វារីអគ្គិសនី គឺជាថាមពលអគ្គិសនីមួយបែបដែលទទួលបានពីការបំលែងថាមពលមេកានិចរបស់ទឹក ដោយប្រើប្រាស់ទួរប៊ីន។ វារីអគ្គិសនីបានផ្គត់ផ្គង់ថាមពលបាន ១/៦ នៃថាមពលអគ្គិសនីទូទាំងពិភពលោក គឺច្រើនជាងថាមពលកកើតឡើងវិញដទៃទៀតបូកបញ្ចូលគ្នា ហើយក៏ច្រើនជាងថាមពលនុយក្លេអ៊ែរ។ ការទាញយកថាមពលចេញពីចលនារបស់ទឹកទាមទារការវិនិយោគ បច្ចេកវិទ្យា និងផ្ទៃទឹកក្នុងការសាងសង់ដែលមានលក្ខណៈសមស្រប។ នៅក្នុងសតវត្សរ៍ទី២១នេះ ទំនប់វារីអគ្គិសនីមានវត្តមានសឹងតែនៅគ្រប់ទន្លេ ឬស្ទឹងនានាជុំវិញពិភពលោក។

ការផលិតថាមពលវារីអគ្គិសនីមិនប្រើប្រាស់ប្រេងឥន្ធនៈ មិនត្រូវការកម្លាំងពលកម្ម និងសម្ភារៈបរិក្ខារជាច្រើនដែលវិនិយោគលើការជីកយករ៉ែ និងដឹកជញ្ជូនឥន្ធនៈ មានឧបករណ៍សាមញ្ញ ប្រតិបត្តិករតិចតួច ថាមពលជំនួយតិច អាយុកាលប្រើប្រាស់បានយូរនៃឧបករណ៍ និងប្រតិបត្តិការ និងថ្លៃថែទាំទាប ដូច្នេះតម្លៃផលិតថាមពលរបស់ស្ថានីយ៍វារីអគ្គិសនីមានកម្រិតទាប ត្រឹមតែ 1/5-1/8 នៃស្ថានីយ៍ថាមពលកម្ដៅ ហើយអត្រាប្រើប្រាស់ថាមពលកំដៅគឺខ្ពស់ជាង 8% វារីអគ្គិសនី។
ស្ថានីទំនប់វារីអគ្គិសនីដែលកំពុងដំណើរការនៅកម្ពុជារួមមាន៖ ទំនប់វារីអគ្គិសនី គីរីរម្យ១ (១២ មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកំពង់ស្ពឺដែលក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ជាក្រុមហ៊ុនទទួលវិនិយោគលើគម្រោងវារីអគ្គិសនីដំបូងគេរបស់កម្ពុជានេះ ដែលមានទុនវិនិយោគ ២៦លានដុល្លារអាមេរិក។ ទំនប់វារីអគ្គិសនី កំចាយ (១៩៣ មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកំពត ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១១ ដែលក្រុមហ៊ុនវិនិយោគលើគម្រោងនេះ គឺក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project ។ ទំនប់វារីអគ្គិសនី គីរីរម្យ៣ (១៨ មេហ្គាវ៉ាត់) បានចាប់ដំណើរការនៅឆ្នាំ ២០១៣ដែលក្រុមហ៊ុនវិនិយោគលើគម្រោងនេះ គឺក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ។ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ (១២០ មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១៣ និងវិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co., Ltd.។ ទំនប់វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម (៣៣៨ មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកោះកុង ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១៤ ដែលវិនិយោគដោយក្រុមហ៊ុន China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ (២៤៦ មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកោះកុង ដែលបានដំណើរការក្នុងឆ្នាំ ២០១៤ ដោយក្រុមហ៊ុនវិនិយោគ គឺCambodian Tatay Hydropower Limited ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ (៤០០ មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តស្ទឹងត្រែង បានចាប់ផ្ដើមដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៨ វិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ,ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង (កម្ពុជា) និងក្រុមហ៊ុន EVNI របស់វៀតណាម។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារ។

ទំនប់វារីអគ្គិសនី គឺត្រូវសាងសង់ទំនប់វារីអគ្គិសនីនៅត្រង់ចំណុចដែលច្រកធំ បង្កើតអាងស្តុកទឹក និងលើកកំពស់ទឹក ។ សក្តានុពលក្នុងការផលិតវារីអគ្គីសនីនៅកម្ពុជាមានដូចជា៖ តំបន់ទឹកធ្លាក់ដែលមានទឹកធ្លាក់មានល្បឿនខ្លាំងល្បាក់ខោន និងប្រព័ន្ធផ្លូវទឹកច្រើន បឹង ទន្លេ មានទឹកពេញមួយឆ្នាំ ។

ទំនប់វារីអគ្គិសនីផ្តល់គុណសម្បត្តិជាច្រើនដល់មនុស្ស និងសង្គមជាតិដូចជា ផ្តល់អគ្គិសនីដែលមានតម្លៃថោក មិនមានការបំពុលអាកាស ឬសំណល់ពុល ផ្ដល់ទីកន្លែងសម្រាប់ការកំសាន្ត ផ្តល់ទឹកសម្រាប់ប្រើប្រាស់ រក្សាបាននូវប្រាក់ចំណូលសេដ្ឋកិច្ចជាតិ មានការរីកចម្រើនខាងផ្នែកឧស្សាហ៏កម្ម រោងចក្រ និង បង្ហាញពីសក្ដានុពលនៃការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង។ យ៉ាងណាមិញ វាក៏ផ្តល់នូវគុណវិបត្តិនៃវារីអគ្គីសនីភាគច្រើនរួមមានឥទ្ធិពលដ៏អស្ចារ្យដោយអាកាសធាតុកំណត់ដោយលក្ខខណ្ឌភូមិសាស្រ្ត ការវិនិយោគធំនៅដំណាក់កាលដំបូង ការខូចខាតដល់បរិស្ថានអេកូឡូស៊ី និងរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកភ្លៀង។
អត្ថបទ៖ កណ្ណិការ