ប្រទេសម៉ាឡេស៊ី ថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៥–កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំកំពូលមាតិកាឌីជីថលអាស៊ានឆ្នាំ២០២៥ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតភាពយន្ត ភាពយន្តជីវចល ហ្គេម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងតំបន់មកផលិត និងសហការផលិតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានលើកឡើងនូវបំណងក្នុងការកសាងឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដែលធ្លាប់រីកចម្រើននៅសម័យអង្គរ តាមរយៈចម្លាក់ និងផលិតផលវប្បធម៌ប្រណិតនានា ដោយផលិតរឿងផ្អែកលើប្រវត្តិដ៏អស្ចារ្យ ទៅក្នុងទម្រង់ឌីជីថលទំនើបសម្រាប់ទស្សនិកជនទូទាំងពិភពលោក។

ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើងថា៖ "សក្តានុពលនៃឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជាគឺជំរុញដោយយុវជនជំនាន់ថ្មីដែលមានទេពកោសល្យ ចេះភាសាអង់គ្លេស និងចង់រៀនសូត្រ។ ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នករចនាកុំព្យូទ័រក្រាហ្វិក អ្នកផលិតភាពយន្ត ភាពយន្តជីវចល និងហ្គេម ដែលអាចនាំយករឿងរបស់កម្ពុជាទៅកាន់វេទិកាតំបន់ និងពិភពលោក។” 

ក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានស្នើនូវគំនិតផ្តួចផ្តើមកម្រិតអាស៊ានចំនួនបួន រួមមានមូលនិធិអាស៊ានសម្រាប់ការសហការផលិត កម្មវិធីផ្លាស់ប្តូរបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិត បណ្តាញអាស៊ានសម្រាប់ការផ្តល់អាជ្ញាប័នផលិតនិងការពារកម្មសិទ្ធបញ្ញា និងការបង្កើតថ្នាលមាតិកាអាស៊ានដើម្បីផ្សព្វផ្សាយ និងចែកចាយមាតិកាតំបន់ទៅដល់ពិភពលោក។

ឯកឧត្តម បានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយម៉ាឡេស៊ី តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្គូរផ្គងអាជីវកម្ម និងការផ្លាស់ប្តូរទេពកោសល្យ រួមទាំងគំនិតផ្តួចផ្តើមដើម្បីភ្ជាប់ម្ចាស់ផលិតកម្ម និងបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិតជាមួយសមភាគីម៉ាឡេស៊ីផងដែរ។ 

ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍