ដង្កូវនាង ជាសត្វល្អិតតូចតាចមួយ ប៉ុន្តែមានអត្ថប្រយោជន៍អស្ចារ្យសម្រាប់មនុស្សជាតិ។ វាអាចផលិតសរសៃសូត្រដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក។ ដង្កូវនាងរស់នៅលើស្លឹកមន និងប្រើវាជាអាហារសម្រាប់លូតលាស់។ សរសៃសូត្រដែលវាបញ្ចេញមានលក្ខណៈពិសេសដូចជា តូច វែង ភ្លឺ ទន់ និងងាយស្រូបទឹក ដូច្នេះហើយវាត្រូវបានប្រើធ្វើជាក្រណាត់សូត្រដ៏ស្រស់ស្អាត មានពណ៌ជ្រលក់ស្មើ និងសាច់ទន់ល្អ។

នៅពេលដង្កូវនាងប្រែក្លាយទៅជាដុកដឿ សំបុកសូត្ររបស់វាត្រូវបានយកមកកៀបចេញប្រេង ដើម្បីផលិតសាប៊ូ និងជាតិសម្អាតស្បែកផ្សេងៗដែលសម្បូរទៅដោយប្រូតេអ៊ីន អាមីណូអាស៊ីត និងវីតាមីនដូចជា B2, E និង K។ វិទ្យាសាស្ត្របច្ចុប្បន្នបានយកអត្ថប្រយោជន៍ទាំងនេះទៅប្រើក្នុងឧស្សាហកម្មសម្អាង និងសុខភាពយ៉ាងទូលំទូលាយ។

សូត្រត្រូវបានគេចាត់ទុកថា ជា “រាជនីនៃជាតិសរសៃ” ព្រោះវាមានតម្លៃខ្ពស់ជាងសសៃធម្មជាតិផ្សេងៗ។ ទោះបីវាមានគុណវិបត្តិដូចជា ងាយទក់ យឺត និងបោកពិបាកក៏ដោយ ប៉ុន្តែអ្នកផលិតបានរកវិធីកែលម្អវា ដោយប្រើសារធាតុគីមីក្នុងដំណើរការផលិត ឲ្យវាមានភាពទន់រលោង មិនរួញងាយ ហើយអាចរក្សាពណ៌បានយូរ។
សូត្រមានគុណសម្បត្តិច្រើន៖ វាអាចបឺតស្រូបទឹកបានច្រើនជាងកប្បាស១.៥ដង ប៉ុន្តែសំណើមអាចហើរចេញបានលឿនជាង៥០%។ វាអាចរក្សាកម្តៅបានល្អធ្វើឲ្យអ្នកពាក់មានអារម្មណ៍ស្រួលសប្បាយ ទន់ល្មើយ និងមានខ្យល់ចេញចូលល្អ។ ក្រណាត់សូត្រមួយអាចរក្សាកម្តៅបានចន្លោះពី ១៣ ទៅ ២១ភាគរយ ខណៈសំបុកដង្កូវនាងតែមួយអាចមានប្រវែងសរសៃរហូតដល់ ៣០០–៤០០ម៉ែត្រ។

នៅកម្ពុជា ដង្កូវនាងត្រូវការស្លឹកមនជាចំណីសម្រាប់រស់រានមានជីវិត។ ប៉ុន្តែការដាំដុះស្លឹកមនជាពិសេសនៅខែប្រាំង តម្រូវឲ្យមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព ដើម្បីឲ្យស្លឹកមានគុណភាពល្អសម្រាប់ចិញ្ចឹម។ ការបេះស្លឹកមនត្រូវធ្វើយ៉ាងប្រុងប្រយ័ត្ន និងមានដំណាក់កាលច្បាស់លាស់ ដើម្បីរក្សាផលិតភាពនិងសមត្ថភាពចិញ្ចឹមដង្កូវ។
ដង្កូវនាងមានជីវចល៤ដំណាក់កាល៖ ពង (silkworm egg) ដង្កូវ (silkworm) ដុកដឿ (pupa) និងមេអំបៅ (moth)។ ក្នុងចំណោមនេះ មានតែដំណាក់កាលដង្កូវប៉ុណ្ណោះដែលវាស៊ីអាហារ ដើម្បីបន្ថែមសារធាតុចិញ្ចឹមនិងលូតលាស់។ វាអាចស្រូបយកប្រហែល១ភាគ៣នៃសារធាតុចិញ្ចឹមទាំងអស់នៅក្នុងស្លឹកមន។
ប្រវត្តិសូត្រចាប់ផ្តើមនៅប្រទេសចិនជាង៥០០០ឆ្នាំមុន។ ជនចិនបានចាប់ផ្តើមចិញ្ចឹមដង្កូវនាង និងប្រើសរសៃសូត្រធ្វើជាវត្ថុសំអាង និងសម្លៀកបំពាក់។ នៅរាជ្យហាន (២០៦មុនគ.ស.–២៥គ.ស.) សូត្រត្រូវបានប្រើជាវត្ថុអនុស្សាវរីយ៍សម្រាប់ការទំនាក់ទំនងការទូត។ បន្ទាប់ពីប្រហែល១០០០ឆ្នាំ សូត្របានរាលដាលទៅអាស៊ីកណ្តាល និងអឺរ៉ុប តាមបណ្តោយផ្លូវពាណិជ្ជកម្មដ៏ល្បី “វីថីសូត្រ”ដែលជានិមិត្តរូបនៃមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេស។
ការដឹកជញ្ជូនសូត្រនៅសម័យបុរាណធ្វើតាមទូក និងសំពៅ ដោយឆ្លងកាត់ប្រទេសអារ៉ាប់ អាស៊ីកណ្តាល និងមេឌីទែរ៉ានេ។ ចាប់ពីសតវត្សរ៍ទី៩ ដល់ទី១១ វាបានរាលដាលទៅអេស៊ីប អាហ្វ្រិកខាងជើង អេស្ប៉ាញ និងរុស្សី។ បន្ទាប់មក នៅសតវត្សរ៍ទី១២–១៥ វាបានរីករាលដាលដល់អ៊ីតាលី និងបារាំង ដែលក្លាយជាគណៈផលិតសូត្រធំៗរបស់អឺរ៉ុប។
ប្រទេសកូរ៉េបានចាប់ផ្តើមផលិតសូត្រយូរជាង៣០០០ឆ្នាំ ខណៈប្រទេសជប៉ុនក៏បានអភិវឌ្ឍវិស័យនេះប្រហែល៣០០ឆ្នាំក្រោយមក។ នៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ឥណ្ឌា និងឥណ្ឌូនេស៊ី ក៏បានចូលរួមអភិវឌ្ឍន៍សូត្រផងដែរ។ នៅទ្វីបអាមេរិក វិស័យសូត្របានចាប់ផ្តើមនៅឆ្នាំ១៥២២ បើកឆាកឲ្យសហរដ្ឋអាមេរិក និងប្រេស៊ីលក្លាយជាប្រទេសផលិតសូត្រមានឥទ្ធិពលមួយផងដែរ។
អត្ថបទ៖ កណ្ណិការ