ថ្ងៃមួយ លោកចែវ (អ្នកជំងឺដែលមានជំងឺភ័យស្លន់ស្លោខ្លាំង) បានចូលទៅគ្លីនិករបស់លោកគ្រូពេទ្យឆ្នើម លោកចែវអង្គុយញាប់ញ័រនៅលើកៅអីហើយនិយាយទៅកាន់គ្រូពេទ្យទាំងមិនដាច់សំឡេង៖
លោកចែវ៖ លោក...លោកគ្រូពេទ្យ... ខ្ញុំគិតថាខ្ញុំកំពុងតែ...ស្លាប់ហើយ! ខ្ញុំមិនដឹងថាខ្ញុំកើតអីទេ តែខ្ញុំឈឺចាប់...ពេញខ្លួន!
គ្រូពេទ្យឆ្នើម(ជាគ្រូពេទ្យដែលល្បីខាងនិយាយលេងច្រើនជាងព្យាបាល) ដាក់វ៉ែនតាចុះហើយសម្លឹងមើលលោកចែវយ៉ាងយកចិត្តទុកដាក់។
គ្រូពេទ្យឆ្នើម៖ យី! ឈឺពេញខ្លួនឯងហ្ន៎? តើឈឺចាប់ត្រង់ណាខ្លះ? សាកចង្អុលបង្ហាញខ្ញុំមើល!
លោកចែវក៏ចាប់ផ្តើមចង្អុល៖
លោកចែវ៖ ឈឺ...ឈឺត្រង់ភ្នែក! (គាត់ចុចភ្នែកខ្លួនឯង ហើយស្រែក អូយ!) ឈឺត្រង់ត្រចៀក! (គាត់ប៉ះត្រចៀកហើយស្រែក អូយ!) ឈឺ...ឈឺត្រង់ជើង! (គាត់ស្ទាបជើង ហើយស្រែក អូយ!) សូម្បីតែក្បាលក៏ខ្ញុំឈឺដែរ! (គាត់វាយក្បាល ហើយស្រែក អូយ!)
គ្រូពេទ្យឆ្នើមក៏ញញឹមហើយសរសេរអ្វីមួយនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់។
គ្រូពេទ្យឆ្នើម៖ លោកចែវ! ខ្ញុំបានរកឃើញមូលហេតុនៃជំងឺរបស់លោកហើយ! វាជាជំងឺដ៏កម្រ...
លោកចែវស្តាប់ទាំងបេះដូងលោតខ្លាំងនឹកគិតថាខ្លួនឯងពិតជាមានជំងឺធ្ងន់ធ្ងរមែន។
លោកចែវ៖ ជំងឺ...ជំងឺអីទៅលោកគ្រូពេទ្យ? សូមប្រាប់ខ្ញុំផង!
គ្រូពេទ្យឆ្នើមងើបមុខឡើងហើយនិយាយទាំងសំឡេងធ្ងន់ៗតែបែរជាញញឹម៖
គ្រូពេទ្យឆ្នើម៖ គឺលោកមិនបានឈឺអ្វីធ្ងន់ធ្ងរទេលោក! លោកគ្រាន់តែកើតជំងឺ... ម្រាមដៃបាក់ប៉ុណ្ណោះ!
លោកចែវ៖ អីគេ?! ម្រាមដៃបាក់? ម៉េចបានជាខ្ញុំឈឺពេញខ្លួនអីចឹងទៅវិញ?
គ្រូពេទ្យឆ្នើម៖ គឺមកពីលោកយកម្រាមដៃបាក់នោះទៅចុចប៉ះកន្លែងណាក៏ឈឺកន្លែងនោះទៅហើយ! ខ្ញុំជឿថាបើលោកមិនទៅចុចប៉ះវាទេលោកនឹងមិនឈឺឡើយ!
លោកចែវក៏ស្ងាត់មាត់មួយសន្ទុះក្រឡេកមើលម្រាមដៃរបស់ខ្លួនហើយក៏សើចផ្ទប់ៗ លោកចែវបាត់បង់អាការៈភ័យស្លន់ស្លោភ្លាមៗហើយដើរចេញពីគ្លីនិកទាំងសប្បាយចិត្ត!
អត្ថបទ៖ ជួន សុធា