វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើនដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ដល់ ១៦​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រោមការដឹកនាំរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងពាក់ព័ន្ធផ្សេងទៀ អង្គការ FAO Cambodia ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជននានា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍គូសបញ្ជាក់ថា៖ “កសិកម្មគឺជាវិស័យស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានិងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មនិងឧស្សហកម្ម។ CAFE25 គឺជាវេទិកាជាតិដ៏សំខាន់ ដែលផ្តោតលើការវិនិយោគនវានុវត្តន៍និងការកសាងភាពជាដៃគូដើម្បីជំរុញនិរន្តរភាពប្រព័ន្ធស្បៀងរបស់កម្ពុជា។”

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាមានប្រសាសន៍ថា៖ “ជាលក្ខណៈយុទ្ធសាស្រ្តវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងនិន្នាការជាក់លាក់របស់កម្ពុជាស្របតាមបរិយាកាសវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងពង្រីកគោលដៅវិនិយោគសំខាន់ៗឱ្យកាន់តែច្រើនតាមរយៈការបើកទូលាយអាជីវកម្មកសិកម្ម និងការបង្កលក្ខណៈងាយស្រួលដល់សហគមន៍កសិកម្មទំនើបរួមទាំងការបង្កបង្កើនផលរបស់ប្រជាកសិករ។ យើងត្រូវរួមគ្នាជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅមុខ ដោយគោរពទៅតាមទិសស្លោក “មិនទុកនរណាម្នាក់ចោល” និងត្រូវប្រកាន់ខ្ជាប់នូវទស្សនវិស័យរួម ដោយធ្វើយ៉ាងណាសម្រេចឱ្យបានផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរបរិស្ថានកាន់តែប្រសើរនិងជីវិតរស់នៅកាន់តែប្រសើរជូនដល់សហគមន៍គ្រួសារនិងប្រជាកសិករគ្រប់រូប។”

ការរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងយល់យ៉ាងច្បាស់អំពីសក្តានុពលខ្ពស់នៃវិស័យកសិកម្មកម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្មពិភពលោក។ ដើម្បីចាប់យកឱកាសពីសក្តានុពលមួយនេះតួអង្គពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវរួមផ្ដុំគ្នាជាធ្លុងមួយដើម្បីទាក់ទាញការវិនិយោគទាំងនៅថ្នាក់តំបន់និងសកលលោកព្រមជាមួយនឹងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មទើបសម្រេចបាននូវគោលដៅទាំងអស់នេះបានទាំងស្រុង។

កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មលើតម្រូវការវិនិយោគតាមប្រភេទមុខទំនិញយុទ្ធសាស្ត្រសំខាន់ៗចំនួន៩រួមមានស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ វារីវប្បកម្ម ម្រេច និងផលិតផលឈើ ដែលស្ថិតក្នុងចង្កោមកម្មវិធីរបស់វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ 

 

 

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ